[ទីក្រុងម៉ានីល,ប្រទេសហ្វីលីពីន]៖ គ្រាដែលបារាំងបានគ្រងជើងឯក World Cup ជាលើកទីពីរ ក្នុងរយៈពេល ២០ឆ្នាំ វាក៏ជាពេលវេលាមួយដែលបានឃើញថា អ្នកចាំទីដៃទីបីរបស់ពួកគេ Alphonse Areola ក៏បានបង្កើតប្រវត្តិសាស្រ្តថ្មីស្រឡាងមួយ ក្នុងនាមជាកីឡាករដែលមានសញ្ជាតិដើមហ្វីលីពីន ដែលឈ្នះពានពិភពលោកនេះ ។
Areola គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលជាអតីតជនអន្តោប្រវេសន៍ ១៨នាក់ ក្នុងបញ្ជីកីឡាករជម្រើសជាតិបារាំងទាំង ២៤រូប ។
ប្រសូតក្នុងគ្រួសារសញ្ជាតិហ្វីលីពីន ដែលបានធ្វើចំណាកស្រុកទៅរស់នៅប្រទេសបារាំង អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះ បានលេងឲ្យជម្រើសជាតិយុវជនបារាំង ចាប់តាំងពីឆ្នាំ ២០០៨ ដល់ ២០១៤ មុនពេលទទួលបានការកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ នៅឆ្នាំ ២០១៥។
Areola នៅតែមានឱកាសបង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិហ្វីលីពីន ខណៈពេលដែលរូបគេមិនដែលត្រូវបានដាក់ឲ្យលេងក្នុងក្រុមជម្រើសជាតិបារាំងឈុតធំម្តងណាឡើយ។
កីឡាករកូនកាត់បារាំង~ហ្វីលីពីន រូបនេះកំពុងប្រកបអាជីពនៅក្នុងលីគកំពូលប្រទេសបារាំង ( Ligue 1 ) ក្នុងក្លិប Paris Siant-Germain ហើយកាលពីពេលថ្មីៗនេះ PSG ទើបតែនាំយកកីឡាករចាស់វស្សា Gianluigi Buffon ពីក្លិប Juventus FC មកផងដែរ ៕