Jesse Lingard កីឡាករ​ជិត​មួយ​រដូវ​កាល​រក​បាន ២ គ្រាប់ កំពុង​មាន​ក្លឹប ៤ តាម​ទិញ​យក

បើ​និយាយ​ពី​ឈ្មោះ Jesse Lingard ប្រសិន​អ្នក​ជា​អ្នក​គាំទ្រ​ដាំខ្ទឹម​ម្នាក់​របស់​ Man Utd នោះ​ប្រាកដ​ជា​មិន​សូវ​ពេញ​ចិត្ត​កីឡាករ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ទេ ពោល​ពិត​ជា​ចង់​ឲ្យ​ក្លឹប​លក់​រូប​គេ​ចេញ​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ។

នោះ​ក៏​ដោយសារ​កង្វះ​សមត្ថភាព​និង​ការ​ខាតបង់​ថ្លៃ​ពលកម្ម​ដែល​ក្លឹប​ត្រូវ​ផ្តល់​ឲ្យ ក្រោយ Lingard ​មិន​អាច​ដើរ​តួ​ជា​អ្នក​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​យ៉ាង​សកម្ម​មួយ​ទាល់​តែ​សោះ​ឲ្យ​ក្លឹប។ ជិត​មួយ​រដូវ​កាល ២០១៩/២០ កីឡាករ​អង់គ្លេស​ទើប​រក​បាន ២ គ្រាប់​គត់ នៅ ៣៥ ប្រកួត​សរុប។

តាម​របាយការណ៍​ពី TheSun បាន​ចុះ​ផ្សាយ ក្លឹប Man Utd ហាក់​មាន​ចិត្ត​ចង់​ជ្រេ​រូប​គេ​ចេញ​ពី Old Trafford ហើយ ដោយ​កំពុង​មាន​ក្លឹប ៤ សម្លឹង​ឃើញ ដូច​ជា Newcastle United, Leicester City, Everton និង West Ham ដែល​សុទ្ធ​សឹង​ជា​ក្រុម​រួម​លីគ PL។

សម្រាប់​តម្លៃ​គឺ United ចង់​ទាមទារ​យក​ប្រមាណ ៣០ លាន​ផោន ពី​សំណាក់​ក្លឹប​ដែល​ចង់​បាន​កីឡាករ​វ័យ ២៧ ឆ្នាំ ដើម្បី​ប្រមែប្រមូល​ថវិកា​ទៅ​ចរចា​យក Jadon Sancho ចេញ​ពី Dortmund វិញ៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT