ក្លឹប Manchester United នឹងហៅកីឡាករ Marcos Rojo មកជួបផ្ទាល់និយាយពីបញ្ហាដែលខ្សែការពាររូបនេះ បំពានច្បាប់ហាមចេញក្រៅនៅប្រទេសអាហ្សង់ទីន។
Rojo ដែលកំពុងលេងឱ្យក្រុម Estudiantes រហូតដល់ចប់រដូវកាលនេះ ត្រូវបានគេដឹងថាមិនគោរពច្បាប់ហាមជួបជុំនៅប្រទេសអាហ្សង់ទីនទេ។ រូបគេបានអង្គុយជក់បារី និងលេងបៀរជាមួយមិត្តភក្ដិជាច្រើននាក់ ហើយថតវីដេអូបង្ហោះលើបណ្ដាញសង្គមថែមទៀត។ បង្ហោះបានតែប៉ុន្មានក៏ត្រូវលុបចោលវិញ។
ទង្វើនេះហើយ កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ អាចនឹងត្រូវរងពិន័យមិនខាន។ ជាក់ស្ដែងក្រុម Man Utd ក៏បានប្រកាសថានឹងនិយាយជាមួយ Rojo ផងដែរ ចំពោះការល្មើសច្បាប់ដែលបានដាក់ចេញដើម្បីការពារសុវត្ថិភាពប្រជាជនពីការឆ្លងមេរោគ Covid-19 នេះ៕ប្រភព Dailymail