Kepa Arrizabalaga អ្នកចាំទីក្រុម Chelsea បាននិយាយថាខ្សែប្រយុទ្ធ Eden Hazard នៅមិនទាន់បានបញ្ចេញសមត្ថភាពល្អបំផុតរបស់ខ្លួនជាមួយក្រុម Real Madrid នៅឡើយទេ។Hazard ត្រូវបានក្រុម Real Madrid ទិញយកកាលពីរដូវកាលមុន ប៉ុន្តែមិនទាន់លេងល្អដូចអ្វីដែលខ្លួនគេបានធ្វើកាលនៅលេងក្នុងក្រុម Chelsea នៅឡើយទេ។ មិនត្រឹមតែលេងមិនល្អឡើយ រូបគេថែមទាំងមានបញ្ហារបួសទៀតដែលត្រូវសម្រាកព្យាបាលយូរ ខកខានជួយក្រុមរបស់លោក Zidane ច្រើន។
តែទោះជាយ៉ាងនេះក្ដី សម្រាប់ Kepa វិញ មើលឃើញថា Hazard នៅតែជាកីឡាករឆ្នើមដដែល។ រដូវកាលដំបូងរបស់គេនៅ Real Madrid មិនជោគជ័យ ព្រោះរូបគេមិនទាន់អាចបង្ហាញសមត្ថភាពល្អរបស់ខ្លួននៅឡើយទេ។ មួយវិញទៀតអាចថាមកពីខ្លួនគេទើបលេងជាមួយក្រុមថ្មីជាឆ្នាំដំបូងផង ទើបមិនទាន់យល់ពីការលេងរបស់ក្រុមច្បាស់៕
ប្រភព៖ Marca