ក្រុមការពារដំណែងម្ចាស់ដំណែងជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀងបានចាប់ផ្តើមហ្វឹកហាត់វិញ ហើយក្នុងទ្រង់ទ្រាយតូចៗ បើទោះបីជាការប្រកួតលីគកំពូលមិនទាន់ប្រកាសឱ្យដំណើរការឡើងវិញយ៉ាងណាក្តី។
បើតាមការអះអាងរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានឱ្យដឹងថា ពេលនេះកីឡាករបានចាប់ផ្តើមហ្វឹកហាត់ជាបណ្តើរៗឡើងវិញហើយ ដោយត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រកួតប្រជែង ក្នុងក្របខ័ណ្ឌលីគកម្ពុជាឱ្យបានកាន់តែខ្លាំងក្លា ប៉ុន្តែការហ្វឹកហាត់នេះរក្សាឱ្យបានសុវត្ថិភាព ដែលការហ្វឹកហាត់ នេះត្រូវបានចែកចេញជាក្រុមតូចៗ តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវស្ថានភាពល្អប្រសើរ។ ការប្រកួលីគកំពូលកម្ពុជាត្រូវបានផ្អាកការប្រកួត តាំងពីខែមីនា ត្រឹមសប្តាហ៍ទី៥ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ៥ប្រកួតរបស់ក្រុមការពារដំណែងជើងឯកនេះឈ្នះ៤ប្រកួត និងស្មើ១ប្រកួត មាន១៣ពិន្ទុ ឈរនៅលេខ២បណ្តោះអាសន្ន។
ដោយសារវិបត្តិជំងឺកូវីដ១៩នេះបានធ្វើឱ្យការប្រមូលផ្តុំ និងការប្រកួតនានាត្រូវបានផ្អាក ដោយកីឡាករបាល់ទាត់នៃបណ្តាក្លឹបនានាបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យការហ្វឹកហាត់ពីគ្រូបង្គោលនៃក្លឹបនីមួយៗ។ ចំពោះក្លឹបបាល់ទាត់មួយចំនួនទៀត ក៏នៅតែបន្តការហ្វឹកហាត់ជាក្រុមតូចៗដែរ ដោយរក្សានូវគម្លាត ការវាស់កម្តៅ ការប្រើប្រាស់អាល់កុលលាងសម្អាតដៃ ដើម្បីបង្ការជំងឺផ្លូវដង្ហើមនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្រាប់ក្លឹបខ្លះៗទៀត នៃក្របខ័ណ្ឌលីគកំពូលកម្ពុជាក៏បានប្រកាសថានឹងអាចប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ នាដើមខែឧសភា ឆ្នាំ២០២០នេះ។ គិតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅមិនទាន់មានប្រកាសថាតើការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០នឹង ត្រូវវិលត្រឡប់មកវិញ ពេលណានោះដែរ ដោយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏កំពុងរង់ចាំមើលការណែនាំជាថ្មី ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដូចគ្នាផងដែរ៕