Fabio Cannavaro រំពឹងថានៅថ្ងៃអនាគតនៅពេលខ្លួនមានសមត្ថភាពគ្រប់គ្រាន់ គឺអាចទៅដឹកនាំក្រុម Real Madrid បានមិនខាន។
បុរសសញ្ជាតិអ៊ីតាលីខាងលើនេះ បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការក្រុម នៅប្រទេសអារ៉ាប់រួម ចិន និងអារ៉ាប៊ីសាអ៊ូឌីត។ ដោយបច្ចុប្បន្នលោកកំពុងដឹកនាំក្រុមយក្សនៅចិន Guangzhou Evergrande។ Cannavaro ដែលធ្លាប់មានវត្តមានមកលេងនៅកម្ពុជាដែរនោះ បាននិយាយថា៖ “ប្រសិនបើអ្នកចង់ក្លាយជាគ្រូបង្វឹក អ្នកត្រូវតែគិតថាប្រឹងឱ្យបានល្អបំផុត ដើម្បីដឹកនាំក្រុមល្អបំផុត។ ហើយក្រុមដែលល្អបំផុតនោះគឺ Real Madrid ។ ខ្ញុំកំពុងប្រឹងប្រែងខ្លាំង ដើម្បីថ្ងៃណាមួយខ្ញុំអាចទៅដឹកនាំក្រុមនេះបាន”។
រំលឹកថាអតីតខ្សែការពារដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ២០០៦ខាងលើនេះ ធ្លាប់លេងឱ្យក្រុម Real Madrid ពីឆ្នាំ២០០៦ដល់២០០៩ និងឈ្នះពានរង្វាន់ La Liga បាន២ដងផងដែរ៕ប្រភព Marca