Olivier Giroud ខ្សែប្រយុទ្ធកណ្ដាលម្នាក់ឯងរបស់ជម្រើសជាតិបារាំង ស៊ុតមិនចំគោលដៅសូម្បីតែ១ជើងនៅព្រឹត្តិការណ៍ World Cup 2018 នេះ ប៉ុន្តែបារាំងនៅតែអាចលើកពានបាន។
Giroud លេងនៅតំបន់ប្រយុទ្ធខាងលើម្នាក់ ប៉ុន្តែរូបគេបែរជាមិនអាចសម្រេចទីបាន១គ្រាប់ទៅវិញ គិតតាំងពីបើក World Cup មក។ មិនត្រឹមតែមិនបាន១គ្រាប់ប៉ុណ្ណោះទេ សូម្បីតែស៊ុតឱ្យចំគោលដៅ១គ្រាប់ក៏រូបគេមិនអាចធ្វើបានដែរ។ ស្របពេលដែលកីឡាករដទៃទៀត ដូចជា Kylian Mbappe និង Antoine Griezmann រកបានដល់៤គ្រាប់ឯណោះ។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ ត្បិតតែមិនអាចរកគ្រាប់បាល់បានមែន ប៉ុន្តែទាំងគ្រូបង្វឹក និងកីឡាករក្នុងក្រុម មិនដែលបន្ទោសទៅលើរូបគេឡើយ។ ផ្ទុយទៅវិញ ពួកគេបាននិយាយសរសើរទៅលើ Giroud ទៅវិញ ថាជាខ្សែប្រយុទ្ធមិនអាចខ្វះបានសម្រាប់ជម្រើសជាតិបារាំង។ រូបគេ ជាកីឡាករនាំលេង និងតែងតែបង្កើតឱកាសឱ្យមិត្តរួមក្រុម ទាញខ្សែការពារក្រុមដទៃជានិច្ច៕ប្រភព៖ DailyMail