លោក Unai Emery ដែលត្រូវក្រុមកាំភ្លើងធំបណ្ដេញចេញពីតំណែងអ្នកចាត់ការកន្លងទៅនេះ បានបង្ហើបថាលោកចង់ទៅដឹកនាំក្រុមនៅអេស្ប៉ាញវិញ។
អតីតអ្នកចាត់ការក្រុម Sevilla ត្រូវបានក្រុមកាំភ្លើងធំដកចេញ ក្រោយពីដឹកនាំក្រុមមិនបានល្អកាលពីខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ។ ការដកលោកចេញនេះ ក្រុម Arsenal បានតែងតាំងលោក Arteta មកឡើងជំនួសវិញដល់បច្ចុប្បន្ននេះ។ ដោយគិតពីពេលនោះរហូតមកដល់បច្ចុប្បន្ន លោក Emery នៅមិនទាន់ទទួលបានការងារថ្មីនោះទេ។
យ៉ាងណាមិញ លោកបានបង្ហើបថាតាមគម្រោងទៅថ្ងៃអនាគត លោកចង់ទៅដឹកនាំក្រុមនៅ La Liga វិញ។ បុរសវ័យ៤៨ឆ្នាំបានបង្ហើបថាលោកនឹងការប្រកួតនៅអេស្ប៉ាញ និងពេលវេលាដែលជោគជ័យបំផុតជាមួយក្រុម Sevilla ដោយអាចឈ្នះពានរង្វាន់ Europa League បាន៣ឆ្នាំជាប់គ្នា។ លោក រំពឹងថានឹងទទួលបានការងារថ្មីនៅពេលឆាប់ៗខាងមុខនេះ៕ប្រភព Dailymail