ប្រធាន​ពេទ្យ​របស់ FIFA ​៖ ​បើ​គិត​ស្លាប់ ឬ​រស់ ​បាល់ទាត់​មិន​គួរ​ចាប់​ផ្ដើម​វិញ​ពេល​នេះ​ទេ​

​លោក ​Michel d’Hooghe ជា​ប្រធាន​ផ្នែក​ពេទ្យ​របស់​ FIFA ​បាន​បញ្ជាក់​ថា​បាល់ទាត់​មិន​គួរ​ចាប់​ផ្ដើម​វិញ​នៅ​ពេល​នេះ​ទេ ​ព្រោះ​ការ​ចម្លង​មេរោគ Covid-19 ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។

លោក Michel ​បាន​មើល​ឃើញ​ថា​ទ្វីប​អឺរ៉ុប ​បើ​ទោះ​ជា​បច្ចុប្បន្ន​បាន​ធូរ​បន្តិច​ក្ដី ប៉ុន្តែ​មិន​ទាន់​អាច​គ្រប់​គ្រង​មេរោគ Covid-19 ​នៅ​ឡើយ​ទេ។ ​ពួកគេ​ត្រូវ​ការ​ពេល​យូរ​ទៀត ​និង​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រឹត្តិការណ៍​មនុស្ស​ច្រើន ​បើ​មិន​ដូច្នេះ​ទេ​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​នឹង​កើត​មាន​ឡើង​វិញ​មិន​ខាន។

ប្រធាន​ផ្នែក​ពេទ្យ​របស់ FIFA ​ខាង​លើ​បាន​និយាយ​ថា​៖ “បើ​និយាយ​ក្នុង​នាម​ជា​ពេទ្យ ដែល​គិត​ពី​ការ​ស្លាប់​និង​រស់​នោះ ​បាល់ទាត់​កុំ​ទាន់​ចាប់​ផ្ដើម​ប្រកួត​វិញ​អី។ ក្លឹប​ទាំង​អស់​គួរ​តែ​រៀប​ចំ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​វិញ​ទៅ​ល្អ​ជាង។ ​វា​មាន​ការ​ចាំ​បាច់​ណាស់ ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​របៀប​ថ្មី​នៃ​ការ​លេង​បាល់ទាត់​អំឡុង​ពេល​មេរោគ Covid-19 ​នេះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT