ក្របខណ្ឌអេស្ប៉ាញ La Liga បានប្រកាសថាក្លឹបទាំងអស់អាចប្រមូលផ្ដុំហ្វឹកហាត់បានចាប់ពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២០នេះទៅ ប៉ុន្តែមិនទាន់ច្បាស់ថ្ងៃប្រកួតទេ។
លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានបញ្ជាក់ថាការប្រកួតកីឡានឹងត្រលប់មកវិញ ដោយត្រូវធ្វើតាមជំហានម្ដងមួយ។ ក្នុងនោះវិស័យបាល់ទាត់អាចប្រមូលផ្ដុំហាត់បាននៅថ្ងៃទី៤ខែក្រោយ មុនសេចក្ដីប្រកាសមួយទៀតពីពេលវេលានៃការប្រកួតឡើងវិញ។ ប្រទេសអេស្ប៉ាញនេះ គឺជាប្រទេសដែលរងទុក្ខដោយមេរោគ Covid-19 ច្រើនជាងគេមួយនៅតំបន់អឺរ៉ុប។
ការប្រកាសប្រមូលផ្ដុំដើម្បីត្រៀមចូលលេងវិញរបស់អេស្ប៉ាញ ធ្វើឡើងជាមួយគ្នានឹងប្រទេសបារាំងដែលបានប្រកាសរំសាយចោលលីគបាល់ទាត់តែម្ដង។ អេស្ប៉ាញបានបញ្ជាក់ថាពួកគេមិនអាចធ្វើតាមបារាំងដើម្បីរំសាយឡើយ ព្រោះការបញ្ចប់រដូវកាលលីគអេស្ប៉ាញពិតជាសំខាន់៕ប្រភព Dailymail