អតីតកីឡាករជើងចាស់ក្រូអាតលោក Davor Suker បាននិយាយថាខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid បច្ចុប្បន្ននេះ អាចរាប់ក្នុងចំណោមកីឡាករល្អដាច់គេក្នុងពិភពលោក។
ខ្សែប្រយុទ្ធជួរមុខសញ្ជាតិបារាំង បានចាយពេលតាំងពីឆ្នាំ ២០០៩ ជាមួយស្តេចស ហើយបង្ហាញខ្លួនច្រើនជាង ៥០០ ប្រកួតហើយឲ្យក្លឹប។ Benzema នៅតែស្ថិតក្នុងជម្រើសដំបូងទល់បច្ចុប្បន្ន ដែលរដូវកាល ១៩/២០ រកបាន ១៩ គ្រាប់នៅ ៣៦ ប្រកួតក្រោមការដឹកនាំរបស់ Zidane។
ថ្លែងពីលោក Suker ដែលធ្លាប់ឈ្នះពាន LaLiga/UCL អំឡុងពេលលេងនៅ Bernabeu បាននិយាយ៖ “ខ្ញុំស្រលាញ់ Benzema ក្នុងនាមជាកីឡាករពាក់អាវលេខ ៩ ណាស់ ដោយសព្វថ្ងៃគេបានចារឈ្មោះក្នុងប្រវត្តិសាស្រ្ត Real Madrid ហើយ”។
លោកបន្ថែមទៀតថា៖ “ខ្ញុំពេញចិត្តការលេងរបស់គេ ហើយក៏គ្មានការសង្ស័យអ្វីនោះដែរថាគេគឺជាកីឡាករដ៏ល្អដាច់គេមួយរូបក្នុងពិភពលោក”៕ ប្រភព៖ AF