Andre Villas-Boas អតីតអ្នកចាត់ការក្រុម Spurs និង Chelsea បានបញ្ជាក់ថាលោកលែងទៅដឹកនាំក្រុមនៅអង់គ្លេសទៀតហើយ។
បុរសវ័យ៤២ឆ្នាំ ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Marseille ធ្លាប់បានចំណាយពេល៩ខែដឹកនាំក្រុម Chelsea មុនពេលត្រូវដកចេញនាឆ្នាំ២០១២ ក្រោយពីដឹកនាំក្រុមបានលេខ៥ក្នុងតារាង។ លោកត្រូវបានក្រុម Spurs តែងតាំងជាអ្នកចាត់ការបន្ទាប់មកនោះ។ ក្នុងការដឹកនាំក្រុម Spurs នេះ លោកសឹងតែបានឱកាសចូល Top4 ទៅហើយ ប៉ុន្តែគួរឱ្យស្ដាយនៅប្រកួតចុងក្រោយភ្លាត់ឱកាសមាស។ លោកជាអ្នកនាំក្រុម Spurs ទទួលបានដល់៧២ពិន្ទុក្នុង១រដូវកាល។
តែនៅពេលគេសួរថាតើអាចនឹងត្រលប់ទៅដឹកនាំក្រុមនៅអង់គ្លេសម្ដងទៀតទេ លោក Andre Villas-Boas បាននិយាយថា៖ “ខ្ញុំមិនត្រលប់ទៅដឹកនាំក្រុមនៅទីនោះវិញទេ។ វាជាលីគដែលមានការវិនិយោគច្រើនមែនទែន កីឡាករល្អនិងក្រុមល្អបំផុត ប៉ុន្តែសម្រាប់ខ្ញុំវាមិនស្ថិតក្នុងចិត្តខ្ញុំទេ”។
លោកVillas-Boas ក្រោយពីចេញពីអង់គ្លេសទៅ លោកបានទៅដឹកនាំក្រុមនៅរុស្ស៊ី ចិន មុនពេលត្រលប់ទៅដឹកនាំក្រុមនៅអឺរ៉ុបវិញ ក្នុងប្រទេសបារាំង៕ប្រភព Dailymail