ជារឿងឈឺចាប់បំផុត ប្រសិនកីឡាករត្រូវរងបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំណាមួយ ព្រោះពួកគេបានខិតខំឆ្លងកាត់តាំងពីវគ្គដំបូង មកដល់វគ្គចុងក្រោយ។
ប៉ុន្តែវាកាន់តែនឹងឈឺចាប់ថែមទៀត ប្រសិនកីឡាកររូបនោះបានរងបរាជ័យនាវគ្គផ្តាច់ព្រ័ត្រនៃពានដល់ទៅ ២ ក្នុងឆ្នាំតែមួយ។ ខាងក្រោមយើងបង្ហាញ ៤ រូបដែលជាកីឡាករស៊យធំបំផុត៖
1.Thiery Henry ចាញ់វគ្គផ្តាច់ព្រ័ត្រ World Cup និង UEFA Champions League ឆ្នាំ ២០០៦
នៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០០៦ ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ កាលនោះគឺក្រុមជម្រើសជាតិអ៊ីតាលីបានយកឈ្នះលើក្រុមមាន់គកបារាំង ដោយបាល់ប៉េណាល់ទីថែមម៉ោងនៅលទ្ធផល ៥-៣។
កាលនោះ Thiery Henry បានលេងនៅតំណែងខ្សែប្រយុទ្ធកណ្តាល ដោយឈរជើងលើទីលានបាន ១០៧ នាទីមុនត្រូវបានប្តូរចេញ ប៉ុន្តែលោកមិនមានឱកាសរកបានគ្រាប់បាល់ដើម្បីជួយឲ្យបារាំងឈ្នះពាន World Cup នោះទេ។
ចំណែកឯការលេងឲ្យក្លឹប Henry ក៏រងបរាជ័យនៅ UCL នាឆ្នាំតែមួយថែមទៀត អំឡុងពេលដែល Barcelona បានយកឈ្នះទៅលើ Arsenal នៅលទ្ធផល ២-១ នៅឯកីឡដ្ឋានក្នុងប្រទេសបារាំង។
2.Michael Ballack ចាញ់វគ្គផ្តាច់ព្រ័ត្រ Euro និង UEFA Champions League ឆ្នាំ ២០០៨
នៅឆ្នាំ ២០០៨ Michael Ballack បានលេងនៅតំណែងខ្សែបម្រើប្រយុទ្ធឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅជំនួបប៉ះគ្នាជាមួយអេស្ប៉ាញនាវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០០៨។ គ្រានោះគឺអេស្ប៉ាញយកឈ្នះលើអាល្លឺម៉ង់នៅលទ្ធផល ១-០។
ខ្សែបម្រើលេងឲ្យក្លឹបតោខៀវ Chelsea រូបនេះ ក៏របូតឱកាសឈ្នះ ពាន UCL នាឆ្នាំតែមួយ ក្រោយ Man Utd យកឈ្នះនៅវគ្គកាត់សេចក្តីបាល់ប៉េណាល់ទីនៅលទ្ធផល ៦-៥ នៅឯកីឡដ្ឋានក្នុងទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី។
3.Arjen Robben ចាញ់វគ្គផ្តាច់ព្រ័ត្រ World Cup និង UEFA Champions League ឆ្នាំ ២០១០
នៅឆ្នាំ ២០១០ អេស្ប៉ាញបានយកឈ្នះទៅលើហូឡង់ដោយលទ្ធផល ០-១ ក្រោយថែមម៉ោង ១៥ នាទីពីរដង នៅឯកីឡដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup។ រីឯការប្រកួត UEFA Champions League គឺ Bayern Munich បានរងបរាជ័យក្រោមថ្វីជើង Inter Milan ដោយលទ្ធផល ០-២ ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
ក្នុងចំណោមកីឡាករនៃប្រកួតទាំងនោះគឺ Arjen Robben ជាកីឡាករមួយរូប ដែលមិនមានសំណាងនិងត្រូវរបូតពានធំផ្ទួនគ្នាក្នុងឆ្នាំតែមួយ។
4.Antoine Griezmann ចាញ់វគ្គផ្តាច់ព្រ័ត្រ Euro និង UEFA Champions League ឆ្នាំ ២០១៦
អ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើនប្រាកដជានៅចាំ នូវជ័យជម្នះ UEFA Euro លើកទី ១ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីឆ្នាំ ២០១៦ តែពេលនោះក៏ឆ្នាំដែល Antoine Griezmann ទទួលភាពឈឺចាប់ខ្លាំងបំផុតដែរ។
នៅ Euro ក្រុមជម្រើសជាតិបារាំងរបស់ខ្លួន បានរងបរាជ័យនៅលទ្ធផល ១-០ រីឯនៅ UEFA Champions League ក្នុងឆ្នាំដដែល ក្លឹប Real Madrid បានបំបាក់ក្លឹប Atletio Madrid នៅវគ្គកាត់សេចក្តីបាល់ប៉េណាល់ទី ៥-៣ ថែមទៀត៕
ប្រភព៖ FootballArena