កម្ពុជាបារម្ភពីបច្ចេកទេសនិងគុណភាពរបស់អត្តពលិក សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ

នៅ​សល់​តែ៣ឆ្នាំ​ទៀត​ប៉ុណ្ណោះកម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះព្រឹត្តិការណ៍ SEA Games 2023 ខណៈ​អ្នក​រៀប​ចំ​នៅ​កម្ពុជា​ព្រួយបារម្ភ​ពី​គុណភាព​និង​បច្ចេកទេសអត្តពលិកដែល​ចូល​រួមទាំងអស់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់ក្តីព្រួយបារម្ភជាងគេអំពីបច្ចេកទេស ក្នុងការ​កសាង​សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងដំណើរបាញ់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមអះអាងថា ដោយមានការណែនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ប្រតិបត្តិករកីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡា​របស់អត្ត​ពលិក ហើយនៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក​១១០នាក់គ្រប់ប្រភេទកីឡាទាំងអស់ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ។

ប៉ុន្តែឥឡូវនេះ​មានភាពប្រែ​ប្រួលថ្មីៗ ដែលត្រូវបញ្ជូនអត្តពលិក១១០នាក់ទៅហ្វឹកហាត់នៅប្រទេសចិន​ដដែល ប្រសិនបើ ២ ឬ៣ខែឆាប់ៗនេះ មានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តន៍វិធាន​ការ​សុខាភិ​បាល ១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត ហើយប្រសិនបើមិនអាចបញ្ជូនក្នុង​ខែវិច្ឆិកា ២០២០ គឺនឹងត្រូវបញ្ជូនទៅនាខែមីនា ឆ្នាំ២០២១ ដើម្បីដណ្តើមនូវមេដាយច្រើន​នៅ​ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលជាសញ្ញាណល្អឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT