ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បញ្ជាក់ពីគម្រោងបន្ថែមកីឡាករអាស៊ានក្នុង Thai League នៅឆ្នាំក្រោយ

ក្រោយអំពីគម្រោងនៃការបន្ថែមកីឡាករអាស៊ាន ៣រូប ( បច្ចុប្បន្ន ១រូប) នៅតាមក្លិបនិមួយៗ ក្នុងលីគកំពូលថៃ ( Thai League ) សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ មានការលើកឡើងនូវមតិជាច្រើនជុំវិញករណីនេះដែលជាពិសេសមជ្ឍដ្ឋានក្នុងស្រុកលើកឡើងថា កីឡាករថៃ នឹងទទួលបានឱកាសតិចជាងមុន។

លោក Somyot Poompanmoung ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានធ្វើការបញ្ជាក់អំពីគម្រោងការនេះថា ៖ «រឿងដំបូងនោះ គឺយើងគួរតែទទួលយក។ បាល់ទាត់ពិភពលោកបានផ្លាស់ប្តូរច្រើនណាស់ មិនមែនត្រឹមការការប្រកួតនោះទេ ប៉ុន្តែគឺវាលាយឡំជាមួយនឹងអាជីវកម្មផងដែរ។ ផ្អែកទៅលើក្លិបបាល់ទាត់ ជាពិសេសប្រទេសដែលបាល់ទាត់កំពុងមានការអភិវឌ្ឍដូចប្រទេសថៃ កត្តាសំខាន់គឺថិវិការបស់ក្លិបដើម្បីវិនិយោគ »។

នៅក្នុងកិច្ចពិភាក្សាជាមួយក្លិបនិមួយៗកាលពីប៉ុន្មានថ្ងៃមុននេះ មានគំនិតជាច្រើនដែលបង្ហាញថា នៅពេលដែលបាល់ទាត់មានការកែប្រែ អាជីវកម្ម នឹងចាប់ផ្តើមកើនឡើង ហើយនៅពេលដែលវាដើរ យើងត្រូវការបន្ថែមគុណភាព។ ប្រទេសថៃមានប្រជាជនសរុបច្រើនជាង ៧០លាននាក់ ។ វាប្រៀបដូចទៅនឹងត្រីក្នុងស្រះអញ្ជឹង ។

បើយើងក្រឡែកទៅមើលប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គឺមានប្រជាជនច្រើនជាង ៦០០លាននាក់ ហើយយើងមិនរំពឹងខ្ពស់ថា ប្រជាជនទាំងនោះនឹងទស្សនាបាល់ទាត់ថៃ ទាំងអស់ទេ។ តែសូមធ្វើការគិតតាមវិធីសាស្រ្តបាល់ទាត់វិញ គឺការពង្រីកទីផ្សារ ដើម្បីឲ្យបាល់ទាត់ថៃ មានតម្លៃ។

លោកបានលើកឧទាហរណ៍សាមញ្ញៗជាក់ស្តែងថា បើប្រជាជនក្នុងប្រទេសជិតខាងទស្សនាការលីគរបស់ថៃ « ខ្ញុំចូលចិត្តមើលបាល់លីគព្រោះទីនោះមានកីឡាករថៃដូចជា Teerasil Dangda, Theerathon និង Chanathip ជាដើម តែខ្ញុំគ្មានពេលមើលនោះទេ។ ប៉ុន្តែឥលូវនេះ ពួកគេទាំងបី មានការប្រកួតនៅពេលរសៀល ដូច្នេះខ្ញុំបើកទូរទស្សន៍ ហើយទស្សនាបាល់ទាត់ J League » ។

កត្តានេះធ្វើឲ្យលោកបន្តថា «​ នេះហើយគឺជាហេតុផលដែលខ្ញុំគិតថាដល់ពេលហើយ។ បើសិនជាប្រទេសថៃ ចង់ក្លាយចំណុចកណ្តាលនៃទីផ្សារបាល់ទាត់អាស៊ាន។ យើងត្រូវតែកែប្រែរបៀបនៃការគិតរបស់យើង ។ សូមកុំបដិសេធ សូមកុំក្លាចថាកីឡាករថៃ នឹងមិនមានឱកាសលេង។ ផ្ទុុយទៅវិញ កីឡាករអាស៊ាន នឹងធ្វើឲ្យកីឡាករថៃ ខិតខំបន្ថែមសមត្ថភាព ហ្វឹកហាត់ ដែលវាគឺជាការប្រកួតប្រជែងពិតៗ ហើយពេលនោះ ការរីកលូតលាស់នៃកម្រិតបាល់ទាត់ប្រទេសថៃ នឹងកើនឡើង » ។

គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ គណៈកម្មការរៀបចំការប្រកួតលីគកំពូលថៃ បានដាក់ចេញនូវផែនការ ក្នុងការបន្ថែមកីឡាករអាស៊ាន ( ASEAN Quota ) ៣រូប សម្រាប់ឆ្នាំ ២០១៩ ហើយអាចអនុញ្ញាតឲ្យបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំងអស់ផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT