CAMSOC-ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានស្ថាបនាឡើងវិញឲ្យត្រូវតាមស្តង់ដារអន្តរជាតិ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា អាងហែលទឹកនេះត្រូវបានជួសជុលឡើងវិញរយៈពេល ១៨ខែ ដោយចំណាយថវិកាជិត៣លានដុល្លាអាមេរិក ក្រោមជំនួយរបស់ក្រុមហ៊ុន Shanghai Construction ដែលជាក្រុម ហ៊ុនសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ អាងហែលទឹកនេះត្រូវជួសជុលនឹងពង្រីកបន្ថែមឲ្យត្រូវបានតាមស្តង់ដារអន្តរជាតិ ដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង២៥ម៉ែត្រ និងមាន១០ខ្សែបន្ទាត់ ក្រៅពីនេះមានដូចជាអាងលោតទឹកក៏ត្រូវបានពង្រីកដល់២៥ម៉ែត្រ ខណៈម៉ាស៊ីនបូបទឹក ម៉ាស៊ីនចម្រោះទឹកត្រូវបានផ្លាស់ប្តូរថ្មី និងកៅអីអង្គុយទស្សនាជាង ១៦០០កៅអីក៏ត្រូវបានផ្លាស់ថ្មីទាំងអស់។ ក្រៅពីនេះក៏មានបន្ទប់ដាក់ឧបករណ៍ហ្វឹកហាត់ ដោយប្រភេទកីឡាហែលទឹកនេះ គឺមិនមែនហ្វឹកហាត់តែនៅក្នុងទឹកនោះទេ ពោលគឺហ្វឹកហាត់ទាំងលើគោក និងក្នុងទឹក ដោយមានរយៈពេលប្រហាក់ប្រហែលគ្នា បើហាត់លើគោក២ម៉ោង រីឯការហ្វឹកក្នុងទឹកប្រហែល២ម៉ោងដែរ។
ឯកឧត្តមប្រធានសហព័ន្ធហែលទឹកបានលើកឡើងថា «ពីដើមមកយើងមិនដែលមានបន្ទប់ដាក់ឧបករណ៍ហ្វឹកហាត់កម្តៅសាច់ដុំឲ្យបានខ្លាំងនោះទេ ប៉ុន្តែពេលនេះយើងមានហើយបូករួមទាំងកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡា ការិនីជម្រើសជាតិយើង ៥៥នាក់ ដោយមានកន្លែងគេង បន្ទប់ចំអិនប្ហូបអាហារសម្រាប់ពួកគាត់ឲ្យបានសមរម្យ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣»។
ពេលនេះកម្ពុជាមានអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានស្ថាបនាយ៉ាងប្រណីតរួចរាល់ហើយៗសហព័ន្ធកំពុងសាងសង់អាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង, សាងសង់រួចអាងហែលទឹកនៅកោះធំខ្នាតតូច ឬពាក់កណ្តាលស្តង់ដារអន្តរជាតិ, អាងហែលទឹកនៅខេត្តកំពង់ចាម, អាងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅពេលខាងមុខឯកឧត្តមរំពឹងថាយើងនឹងបន្តការសាងសង់នៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីទាក់ទាញយុវជនឲ្យចូលរួមក្នុងវិស័យកីឡាហែលទឹកកាន់តែសម្បូរបែប។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលអញ្ជើញអមដំណើរជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារពត៌មានជាតិដែរថា អាងហែលទឹកនេះមានភាពល្អប្រសើរតាមស្តង់ដារអន្តជាតិមួយហើយ ដែលបំពេញទៅឲ្យអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតជោ នៅពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ហើយអាចនឹងមានការប្រកួតវគ្គជម្រុះខ្លះៗនឹងធ្វើនៅទីនេះ ដើម្បីទាក់ទាញប្រជាជនក្នុងរាជធានីអាចចូលរួមទស្សនា ដោយយើងនឹងធ្វើការបន្ថែមជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ សហព័ន្ធជាតិ និងCAMSOC ដើម្បីវាយតម្លៃថាត្រូវប្រកួតក្នុងកម្រិតណាមួយ ហើយមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវរៀបចំការប្រកួតសម្រាប់វគ្គផ្តាច់ព្រ័ត្រ ឬក៏ត្រូវរៀបចំការប្រកួតវិញ្ញាសាដោយឡែកពីគ្នាឬយ៉ាងណា។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កីឡាហែលទឹក និងអត្តពលកម្ម គឺជាប្រភេទកីឡាដឹកមុខគេ (Main Sports) ដែលមានវិញ្ញាសាច្រើនជាងគេ ហើយជាកាតព្វកិច្ចដែលម្ចាស់ផ្ទះត្រូវតែរៀបចំឲ្យមានទោះតិចវិញ្ញាសា ច្រើនវិញ្ញាសាក្តី។
ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងយ៉ាងដូច្នេះថា «អាងហែលទឹកអូឡាំពិកនេះ គឺជាសមិទ្ធផលមួយដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលខិតខំខ្នះខ្នែងរហូតដល់សម្រេចបានបែបនេះ ហើយក៏បានធ្វើឲ្យក្តីសុបិនរបស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាអតីតកីឡាករហែលទឹកមួយរូបនៅកន្លែងនេះដែរនោះបានសប្បាយចិត្តយ៉ាងខ្លាំង»។ ឯកឧត្តម វ៉ាត់ ចំរើន នៅតែរំឭកនូវការចងចាំមួយ ដែលមិនអាចបំភ្លេចបាន នោះគឺក្តីសុបិនរបស់លោកព្រឹទ្ធាចារ្យ ហែម ថុន ដែលលលោកចង់ឃើញវិស័យកីឡារីកចម្រើន កាលដែលលោកនៅមានជីវិត ដោយលោកព្រឹទ្ធចារ្យ គឺជាអតីតកីឡាករជើងចាស់ នៅសម័យសង្គមរាស្ត្រនិយម និងជាអ្នកគាស់កកាយ អភិវឌ្ឍន៍វិស័យកីឡាហែលទឹកកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា រហូតបន្សល់ទុកនូវស្នាដៃដល់កូនចៅជំនាន់ក្រោយៗ នាពេលបច្ចុប្បន្ននេះ៕
ប្រភពអត្ថបទនិងរូបភាព៖ Cambodia SEA GAMES 2023