លោក Jurgen Klopp បានទម្លាយប្រាប់រឿងរ៉ាវចាស់មួយដែលកើតឡើងកាលពីឆ្នាំ ២០១៩ គ្រាដែលកីឡាករ Georginio Wijnaldum បានខឹងសម្បាលើរូបលោកជាខ្លាំង ក្រោយគ្មានឈ្មោះនៅជម្រើសដំបូងអំឡុងពេលតតាំង Barcelona នៅទឹកដី Anfield នាពានរង្វាន់ UEFA Champions League។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហើបរឿងរ៉ាវដែល Wijnaldum មិនសប្បាយចិត្ត ត្បិតបើពេលនោះរូបគេជាវីរបុរសរកបាន ២ គ្រាប់ងើបចេញពីកៅអីបម្រុងមកជួយក្រុមយកឈ្នះ ៤-០ ឡើងទៅវគ្គបន្ទាប់ក្តី។
លោក Klopp ប្រាប់ Sky Sports៖ “ជាធម្មតាកីឡាករបានដឹងមុនមួយឬពីរថ្ងៃមុនការប្រកួត ថាពួកគេបានលេងឬអត់ ដោយខ្ញុំចង់ឲ្យពួកគេបានត្រៀមខ្លួន ហើយប្រសិនកីឡាកររូបនោះបានលេងពេញ ២០ ប្រកួតចុងក្រោយនេះហើយ នោះប្រកួតបន្ទាប់បើគេត្រូវអវត្តមានក៏មិនជាបញ្ហាអ្វីធំដុំនោះដែរ”។
លោកបន្ថែមថា៖ “ដោយដូចកាលពី Champions League ឆ្នាំទៅ នាជើងទី ២ គ្រប់គ្នាបានប្រាប់ខ្ញុំថា Wijnaldum ពិតជាបានខឹងជាខ្លាំង ដែលគេមិនអាចជាប់ជម្រើសដំបូង ដោយខ្ញុំបានប្រាប់កូនក្រុមទាំងអស់ថាមិនចាំបាច់ខឹងការសម្រេចរបស់ខ្ញុំទេ ពោលគឺត្រូវទទួលយក ហើយមកនិយាយជាមួយខ្ញុំ ក្រោយចប់ការប្រកួត សឹមខ្ញុំពន្យល់ តែបើនិយាយមុនការប្រកួតនោះគឺមិនអាចទេ”៕
ប្រភព៖ AF