ខ្សែប្រយុទ្ធ Gareth Bale នឹងត្រលប់ទៅចូលហ្វឹកហាត់ជាមួយក្រុម Real Madrid វិញនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីជួបជាមួយលោក Julen Lopetegui អ្នកចាត់ការថ្មីរបស់ក្លឹប។
ក្នុងការត្រលប់ទៅហ្វឹកហាត់វិញនោះដែរ Bale នឹងចូលនិយាយជាមួយ Julen មួយទល់នឹងមួយតែម្ដង ដើម្បីសម្រេចនិងយល់ពីគ្នា។ ប្រសិនបើការនិយាយគ្នានោះអាចទទួលបានផល នោះរូបគេប្រហែលជាមិនទាន់ចាកចេញពី Real Madrid ឡើយ។ ផ្ទុយទៅវិញ បើមិនបានផល នោះការចាកចេញទៅរក Manchester United អាចនឹងកើតមានឡើងជាក់ជាមិនខាន។
លក្ខខណ្ឌមួយដែល Bale ចង់បានពី Real Madrid គឺរូបគេត្រូវតែបានចូលលេងក្នុងនាមជាជម្រើស១១នាក់ដំបូងជានិច្ច។ មិនឱ្យដូចរដូវកាលមុន ដែលតែងតែអង្គុយកៅអីបម្រុងឬចូលលេងពាក់កណ្ដាលការប្រកួតឡើយ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកអេស្ប៉ាញខាងលើនេះ ក៏ពេញចិត្តចំពោះទម្រង់លេងរបស់ Bale ដែរ។ លោកអាចនឹងប្រើរូបគេលេងនៅស្លាបច្រើន ដើម្បីជួយដល់ខ្សែប្រយុទ្ធកណ្ដាល ដែលជាទម្រង់លោកតែងប្រើនៅជម្រើសជាតិអេស្ប៉ាញ៕ប្រភព៖ dailymail