ភ្នាក់ងារ​រត់ការ​ថា Hakimi ​បច្ចុប្បន្ន​ជា​ខ្សែ​ការពារ​ស្តាំ​ល្អ​បំផុត ជាមួយ​នឹង​កីឡាករ​មួយ​រូប​នៅ EPL

កីឡាករ​របស់​ក្លឹប Real Madrid គឺ Achraf Hakimi ដែល​បច្ចុប្បន្ន​កំពុង​លេង​ខ្ចី​ជើង​ឲ្យ​ក្លឹប Dortmund ត្រូវ​បាន​សរសើរ​ថា​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ល្អ​ដាច់​គេ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន ស្មើ​នឹង​កម្រិត​លេង​ជាមួយ​ Trent Alexander-Arnold របស់ Liverpool។ នេះ​បើ​តាម​ភ្នាក់ងារ​របស់ Hakimi ផ្ទាល់ គឺ​លោក Alejandro Camano បាន​និយាយ។

ប្រាប់​សារព័ត៌មាន Sky Germany លោក Camano និយាយ៖ “Hakimi ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ល្អ​ដាច់​គេ​ក្នុង​លោក​ជាមួយ​នឹង Alexander-Arnold ដោយ​ក្រុម​ទាំង​អស់​នៅ​អឺរ៉ុប​សុទ្ធ​សឹង​តែ​ចង់​បាន Hakimi ក៏​រួម​ទាំង Real Madrid ផង​ដែរ”។

លោក​បន្ថែម៖ “តែ Dortmund នៅ​តែ​ស្ថិត​ក្នុង​ជម្រើស​ការ​គិត​របស់​យើង យើង​កំពុង​រង់ចាំ​ចម្លើយ​នៃ​រឿង​មួយ​នេះ”។

ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ថា Bayern Munich ជា​ក្លឹប​ប្រជែង Dortmund នៅ Bundesliga ក៏​ចាប់​អារម្មណ៍​ដែរ​នោះ ត្រូវ​បាន Camano ធ្វើ​ការ​បដិសេធ ដោយ​ថា​មិន​ទាន់​មាន​ការ​ទាក់ទង​ណា​មួយ​ចេញ​ពី​ភាគី​ខាង​ Bayern មក​ខ្លួន​ឡើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT