ត្បិតតែមិនបានលើកពាន FIFA World Cup ឆ្នាំនេះមែន ប៉ុន្តែលោក Roberto Martinez និយាយថាកូនក្រុមបែលហ្សិករបស់លោក គឺជាក្រុមលេងល្អជាងគេក្នុងព្រឹត្តិការណ៍នេះ។
បែលហ្សិក តាំងពីមុនចូលលេងវគ្គ៣២ក្រុមមិនដែលលេងចាញ់ឬស្មើនោះទេ ពួកគេតែងតែរកគ្រាប់បាល់ជ័យជម្នះជានិច្ច បើទោះជាប៉ះក្រុមខ្លាំងយ៉ាងណាក៏ដោយ។ តែគួរឱ្យសោកស្ដាយមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមរហស្សនាមបិសាចក្រហមមួយនេះ បែរជាចាញ់ក្រុមមាន់គកបារាំង ទៅវិញ។ ត្បិតតែចាញ់ត្រឹមវគ្គនេះមែន ប៉ុន្តែការប្រកួតដណ្ដើមយកលេខ៣ ពួកគេនៅតែធ្វើបានល្អដដែល ដោយអាចស៊ីក្រុមអង់គ្លេស ២-០។
សមិទ្ធផលនេះ លោក Martinez បាននិយាយថា៖ “កីឡាករយើងបានធ្វើគ្រប់យ៉ាងហើយសម្រាប់ប្រទេសជាតិយើង ហើយពួកគេសមនឹងទទួលបានជោគជ័យជាងនេះ។ យើងបានធ្វើការជាក្រុមបានយ៉ាងល្អ តាំងពីវគ្គដំបូងរហូតដល់ចប់កម្មវិធីនេះ។ ដូច្នេះហើយ ប្រជាជនបែលហ្សិកទាំងអស់ នឹងមោទនភាពសម្រាប់ដំណើរនៃក្រុមបាល់ទាត់របស់យើង”៕