Hazard ៖ វាដល់ពេល ខ្ញុំត្រូវផ្លាស់ទៅលេងនៅក្លឹបថ្មី

ខ្សែ​បម្រើ Eden Hazard ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​ទទួល​បាន​លេខ​៣​ក្នុង​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស ២-០។ 

Hazard ​ជា​កីឡាករ​ញាក់​បាល់​បាន​ជោគជ័យ​ជាង​គេ​នៅ​ព្រឹត្តិការណ៍ World Cup ​នេះ ​ហើយ​ក៏​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​បែលហ្សិក​ផង​ដែរ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ ​បច្ចុប្បន្ន​កំពុង​តែ​ចង់​ចាកចេញ​ពី​ក្លឹប​អាជីព Chelsea ​ហើយ ​ក្រោយ​ចប់ World Cup ​នេះ ដើម្បី​ស្វែង​រក​បទ​ពិសោធ​ថ្មី​។

ស្រប​ពេល​ដែល​រូប​គេ​ផ្ទាល់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ចង់​ទៅ​លេង​នៅ Real Madrid ​ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន។ជាមួយ​គ្នា​នេះ​ដែរ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ មាន​ដំណឹង​មក​ថា Real Madrid ​បាន​សាកសួរ​តម្លៃ​ខ្លួន​របស់​កីឡាករ​ខាង​លើ​ហើយ ​ដោយ​អាច​ឈាន​ដល់​១៥០​លាន​ផោន​ឯ​ណោះ ទើប​ក្រុម Chelsea ​លក់។

យ៉ាងណាមិញ ​នេះ​មិន​ទាន់​ជា​តម្លៃ​ផ្លូវការ​នៅ​ឡើយ​ទេ ​អាច​នឹង​មាន​ការ​ប្រែប្រួល​ទៀត ​ទៅ​តាម​ជាក់​ស្ដែង ត្បិត​អី​កីឡាករ​ផ្ទាល់​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ស្រាប់។Hazard ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ​នេះ​ដែរ​ថា ​រូបគេ​ត្រូវ​ដល់​ពេល​ដែល​មាន​ការ​ផ្លាស់​ហើយ។ ​អ្វី​ៗ​នៅ​ថ្ងៃ​អនាគត គ្មាន​នរណា​ដឹង ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​អ្វី​នឹង​មាន​ឡើង​សម្រាប់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​នេះ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT