បើ​សំណើ​នេះ​ជោគជ័យ ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL/UEL នឹង​សម្រេច​ធ្វើ​យូរ​ជាង​ធម្មតា ៣ ខែ

តាម​របាយការណ៍​ពី​ AF បាន​ចុះ​ផ្សាយ សមាគម​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់ UEFA ​កំពុង​តែ​ពិចារណា​លើ​សំណើ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League និង Europa League អាច​ធ្វើ​ទៅ​បាន​នៅ​អំឡុង​ចុង​ខែ​សីហា។

ក្នុង​ករណី​ដែល​ការ​ប្រកួត​នៅ​តាម​បណ្តា​លីគ​អាច​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​យូរ​នា​ខែ​មិថុនា នោះ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ សីហា ក្នុង​កីឡដ្ឋាន Ataturk Olmypic Stadium ក្នុង​ទីក្រុង Istanbul ដដែល រី​ឯ Europa League ធ្វើ​នៅ​ថ្ងៃ​ទី ២៦ សីហា​ក្នុង​ទីក្រុង Gdansk។ ជា​រួម​គឺ​យូរ​ជាង​ការ​កំណត់​ពី​ដំបូង ៣ ខែ ដោយ​ជា​ធម្មតា​លេង​បញ្ចប់​នៅ ថ្ងៃ​ទី ២៧ និង ៣០ ឧសភា។

ការ​សម្រេច​បែប​ណា​នោះ UEFA នឹង​ជជែក​នៅ​សប្តាហ៍​ក្រោយ ក្រោម​ការ​ចូលរួម​ពី​ភាគី​សមាជិក​ទាំង ៥៥ របស់​សមាគម។

នៅ​ករណី​មួយ​ផ្សេង​ទៀត ប្រសិន​ការ​ប្រកួត​នៅ​លីគ​បន្ត​អូស​បន្លាយ​ពេល នោះ​ការ​ប្រកួត UCL និង UEL ក៏​នឹង​អូស​បន្លាយ​ដូច​គ្នា ពោល​គឺ​រង់ចាំ​ដល់​ការ​ប្រកួត​ក្នុង​លីគ​បញ្ចប់​សិន ទើប​ការ​ប្រកួត​ពាន​អឺរ៉ុប​វគ្គ​ផ្ដាច់ព្រ័ត្រ​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT