ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្ការ ដែលមានចំណាត់ថ្នាក់ FIFA លេខរៀងទី ២០០ កាលពីពេលថ្មីៗនេះបានអញ្ចើញក្រុមលំដាប់កំពូលនៅអឺរ៉ុប លីទុយអានី មកប្រកួតមិត្តភាពចំនួន ២ប្រកួត ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា នៅលើតារាងពិន្ទុ FIFA ជម្រើសជាតិ លីទុយអានី ស្ថិតនៅលេខរៀងទី ១២៦ ពោលគឺនៅលើស្រីលង្ការដល់ទៅ ៧៤ លេខ ។
លទ្ធផលនៃការប្រកួតទាំងពីរលើក ក្នុងប្រទេសស្រីលង្ការ បានបញ្ចប់ទៅដោយ ប្រកួតទីមួយ ០-០ និងប្រកួតទីពីរ ត្រូវក្រុមភ្ញៀវយកឈ្នះ ២-០ ។
យ៉ាងណាក៏ដោយ ការប្រកួតមិត្តភាពទាំងនេះ គឺស្រីលង្ការ បានប្រើប្រាស់កីឡាករប្រភេទ ២ ( Team B ) ប៉ុណ្ណោះ គ្រាដែលក្រុមធំ កំពុងសម្ខំហ្វឹកហាត់នៅឯប្រទេសជប៉ុន ។
សូមជម្រាបថា នេះគឺជាការត្រៀមខ្លួនសម្រាប់ស្រីលង្ការ មុនការចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ីខាងត្បូង ( SAFF Championship ) ដូចទៅនឹងពាន AFF Suzuki Cup ដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៤ ដល់ទី ១៥ ខែ កញ្ញា នៅឯប្រទេសបង់ក្លាដែស ។
គូររំលឹកថា ស្រីលង្ការ ធ្លាប់មកលេងមិត្តភាពនៅកម្ពុជា ម្តង កាលពីឆ្នាំ ២០១៦ ពោលគឺថ្ងៃទី ៩ ខែ តុលា ដែលកាលនោះ កម្ពុជា បានយកឈ្នះ ៤ ទល់នឹង ០ ស៊ុតចូលទីដោយ សឿយ វិសាល និង ចាន់ វឌ្ឍនាកា ម្នាក់មួយគ្រាប់ ខណៈ កែវ សុខផេង ២គ្រាប់ម្នាក់ឯង ។
សម្រាប់កម្ពុជាឯនេះវិញ ក៏ត្រូវត្រៀមខ្លួនចូលរួមពានរង្វាន់ AFF Suzuki Cup 2018 នៅចុងឆ្នាំនេះផងដែរ ដែលស្ថិតក្នុងពូល A រួមជាមួយនឹងវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ឡាវ ចាប់ផ្តើមប្រកួតពីថ្ងៃទី ៨ ដល់ទី ២៤ ខែ វិច្ឆិកា ខាងមុខ ៕