Mata ថា​កីឡាករ​លេង​ឲ្យ Real ​បច្ចុប្បន្ន​ម្នាក់​នេះ ធ្លាប់​ជា​ជើង​ឯក​ល្អ​បំផុត​នៅ PL ក្នុង​ចិត្ត​ខ្លួន

Juan Mata កីឡាករ​កាន់​ឆ្នាំ​របស់​ក្លឹប Manchester United ថ្មីៗ​នេះ​បាន​ចង្អុល​ឈ្មោះ Eden Hazard ​ថា​ជា​កីឡាករ​ដែល​ល្អ​បំផុត​នៅ Premier League ដែល​ខ្លួន​ធ្លាប់​បាន​ជួប។

Mata និង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ក៏​ធ្លាប់​ជា​មិត្ត​រួម​ក្លឹប​តែ​មួយ​រយៈ​ពេល ១៨ ខែ​នៅ Chelsea មុន​រូប​គេ​ផ្លាស់​មក​ចូលរួម​នៅ United នា​ឆ្នាំ ២០១៤។ ត្រឹម​ចន្លោះ​ពេល​ ១ ឆ្នាំ​កន្លះ​នោះ ក៏​បាន​ធ្វើ​ឲ្យ Mata លាន់​សរសើរ​មិន​ដាច់​ពី​មាត់​ដល់ Hazard ដែល​បច្ចុប្បន្ន​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប Real Madrid។

ប្រាប់ ManUTD.com ខ្សែ​បម្រើ​ Mata និយាយ៖ “កីឡាករ​ល្អ​បំផុត​នៅ Premier League ខ្ញុំ​ចង់​មាន​ន័យ​ថា​អ្នក​ល្អ​បំផុត​ដែល​ខ្ញុំ​ចូលចិត្ត​លេង​ជាមួយ​និង​តតាំង នោះ​គឺ Eden Hazard”។

លោក​បន្ថែម៖ “សម្រាប់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ គេ​ល្អ​ណាស់​នៅ​ក្នុង​លីគ ដោយ​ខ្ញុំ​ក៏​ធ្លាប់​ហ្វឹកហាត់​ជាមួយ​គេ ដឹង​ច្បាស់​ពី​ភាព​ល្អ​របស់​គេ ប៉ុន្តែ​ជា​សំណាង​ដ៏​អាក្រក់​ពេល​គេ​ផ្លាស់​មក Real Madrid ក្រោយ​មាន​របួស​ញាំញី តែ​ខ្ញុំ​ច្បាស់​ថា​ថ្ងៃ​ខាង​មុខ​គេ​នឹង​បង្ហាញ​ពី​កម្រិត​ពិត​ប្រាកដ​មួយ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT