ប្រធានក្រុមនគរបាលជាតិធុញថប់នឹងការហ្វឹកហាត់ ដែលគ្មានការប្រកួតដោយសារ តែវិបត្តិជំងឺកូវីដ-១៩

ប្រធានក្រុមនគរបាលជាតិ កីឡាករ សាយ ពិសិដ្ឋ និយាយនៅក្នុងពេលហ្វឹកហាត់ថា ខ្លួន ក៏ដូចជាសមាជិកក្រុមធុញថប់នឹងការហ្វឹកហាត់ ដែលគ្មានការប្រកួត ដោយសារតែវិបត្តិជំងឺ កូវីដ-១៩ ដោយលីគកំពូលកម្ពុជា ការប្រកួតពានរង្វាន់សម្តេចតេជោហ៊ុន សែន រដូវកាល ២០២០ រួមទាំងការប្រកួតទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។

កីឡាករ សាយ ពិសិដ្ឋ ប្រធានក្រុមនគរបាលជាតិនិយាយនៅក្នុងពេលហ្វឹកហាត់ថា មិនថាពេលនេះ ឬពេលមុនទេ គឺយើងធ្វើតាមការណែនាំរបស់គ្រូបង្វឹកតាមធម្មតា ដែលមាន រយៈពេល ៤០នាទី ទៅ១ម៉ោង ជារៀងរាល់ព្រឹក។ ក្នុងនាមជាកីឡាករ ដែលមានតែការហ្វឹក ហាត់ មិនមានការប្រកួត គឺមានអារម្មណ៍ថា អផ្សុក និងធុញថប់ ប៉ុន្តែយើងទាំងអស់គ្នាត្រូវ តែចូលរួមតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមចំណែក ទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ-១៩ ហើយអ្វីដែលល្អ បំផុត គឺយើងនៅផ្ទះ កុំចេញពីផ្ទះ បើមិនចាំបាច់ និងបន្តការហ្វឹកហាត់នៅតាមផ្ទះ។

កីឡាកររូបនេះបញ្ជាក់ទៀតថា តាមធម្មតា បើមានតែការហ្វឹកហាត់ ហើយមិនបាន ចូលរួមប្រកួតលើទីលាន ជាក់ស្តែងនឹងធ្វើឱ្យសិទ្ធផលរបស់កីឡាករមានការធ្លាក់ចុះខ្លះៗ ប៉ុន្តែ ប្រសិនបើយើងរក្សាការហ្វឹកហាត់បានល្អ នោះគុណភាពកម្លាំងកាយ បច្ចេកទេសជាដើម នោះ​មិនធ្លាក់ចុះខ្លាំងទេ ពោលគឺធ្លាក់ចុះដែរ តែតិចតួច។ លោកក៏បានបន់ស្រន់ឱ្យ​ជំងឺផ្លូវ​ដង្ហើម​ដ៏កាចសាហាវនេះឆាប់រលាយបាត់ទៅវិញទាំងពិភពលោក ក៏ដូចជានៅព្រះរាជណាចក្រ​កម្ពុជា​យើង ដើម្បីឱ្យការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាការប្រកួត ពានរង្វាន់​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន វិលត្រឡប់មកវិញឆាប់ៗ ដែលការប្រកួតបាល់​ទាត់កម្ពុជាទើបនឹងចាប់ផ្តើមបានបន្តិចនោះ សម្រាប់រដូវកាលថ្មីនេះ។

សាយ ពិសិដ្ឋ ក៏បានប្តេជ្ញាចិត្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធីសាស្ត្រក្នុងការការពារកូវីដ-១៩ តាមរយៈការលាងសម្អាតដៃដោយសាប៊ូ អាល់កុល និងវិធីធ្វើអានាម័យមួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងៗនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ ប្រធានក្រុមរូបនេះបានសំណូមពរដល់កីឡាករ អ្នកគ្រាំទ្រ ក៏ដូចជាជនរួមជាតិ​ទាំងអស់ ចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT