Bernardo Silva លួច​ប្រាប់​ពី​បំណង​ល្អ​មួយ​របស់ Ronaldo នៅ​ក្នុង​គ្រុប​ឆាត​ WhatsApp

Bernardo Silva កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​មាន​ជជែក​ឆ្លើយឆ្លង​នូវ​សំណួរ​ជា​ច្រើន ជាមួយ​នឹង​ក្រុម​ការងារ Bleacher Report។

ក្នុង​នោះ​មាន​សំណួរ​ចាក់ដោត​មួយ​ចំនួន ហើយ​ពាក់ព័ន្ធ​នឹង Cristiano Ronaldo ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Silva ក៏​លួច​បង្ហើប​អំពី​ផែនការណ៍​របស់ CR7 ក្នុង​គ្រុប​ឆាត WhatsApp ដែល​ផ្ដួចផ្ដើម​ចង់​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បរិច្ចាគ​នូវ​ទឹកប្រាក់​ដែល​បាន​ឈ្នះ​ពី​វគ្គ​ជម្រុះ Euro ២០២០ ទៅ​កាន់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19។

Silva បាន​និយាយ៖ “Ronaldo គឺ​ជា​មនុស្ស​​ម្នាក់​​ ដែល​កាល​ពី ២ ទៅ ៣ ​ថ្ងៃ​មុន​គាត់​បាន​ផ្តល់​គំនិត​ឲ្យ​ធ្វើការ​ឧបត្ថម្ភ​ប្រាក់​ឈ្នះ​របស់​យើង ដែល​យើង​បាន​ឆ្លង​ផុត​ Euro 2020 ហើយ​ខ្ញុំ​គិត​ថា​កីឡាករ​របស់​យើង​ទាំង​អស់​នឹង​បរិច្ចាគ​នូវ​ទឹកប្រាក់ ៥០ ភាគរយ​នៃ​ប្រាក់​ដែល​បាន​ឈ្នះ​នោះ”។

បញ្ជាក់​ថា​ចំពោះ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ គឺ​មិន​មាន​ការ​បង្ហើប​ប្រាប់​ពី​តួ​លេខ​ជាក់លាក់​ឡើយ។ រំឭក​ថា Ronaldo កន្លង​មក​ធ្លាប់​បាន​បរិច្ចាគ​ទឹកប្រាក់ ១ លាន​ផោន​ជាមួយ​នឹង​ភ្នាក់ងារ Jorge Mendes ទៅ​កាន់​ផ្នែក​សុខាភិបាល​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ម្តង​រួច​មក​ហើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT