លីគកំពូលអ៊ីតាលី Serie A គ្រោងនឹងបើករដូវកាលវិញនៅចុងខែឧសភាឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែលេងដោយបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។អ៊ីតាលី ដែលជាប្រទេសនៅអឺរ៉ុបឆ្លងមេរោគ Covid-19 មុនគេ និងមានអ្នកស្លាប់ច្រើនជាងគេនោះ ពេលនេះបានធូរស្បើយបន្តិចហើយ។ រដ្ឋាភិបាលអ៊ីតាលី កំពុងសិក្សាដើម្បីបើកប្រទេសឱ្យដំណើរការឡើងវិញ ក្រោយពីចំនួនអ្នកស្លាប់និងអ្នកឆ្លងថយចុះជាបន្ដបន្ទាប់។ ក្នុងនោះ ការប្រកួតលីគបាល់ទាត់ប្រទេសនេះក៏គ្រោងធ្វើឡើងវិញផងដែរ។
Serie A អាចនឹងបើកដំណើរការលីគវិញនៅចុងខែឧសភាឆ្នាំ២០២០ខាងមុខនេះ។ ការប្រកួតត្បិតតែបើកឡើងវិញមែន ប៉ុន្តែមិនឱ្យមានអ្នកគាំទ្រចូលទស្សនានោះទេ។ ពួកគេអាចនឹងត្រូវលេងដោយបិទទ្វា រហូតដល់ឆ្នាំ២០២១ឯណោះ ពោលគឺទាល់តែអាចទប់ស្កាត់មេរោគ Covid-19 បាន១០០%សិន ទើបអាចឱ្យអ្នកគាំទ្រចូលមើលបាន៕