ក្លឹប​ផ្សេង​គេ​ត្រឹម​ចង់​ខ្ចី​ជើង មាន​តែ​ក្លឹប​អង់គ្លេស​មួយ​នេះ​គត់​ដែល​ចង់​ទិញ​ផ្តាច់​យក Coutinho

តាម​ការ​បញ្ជាក់​ពី​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​អេស្ប៉ាញ​គឺ​លោក Guillem Balague បាន​និយាយ​ថា​មាន​តែ​ក្លឹប ​Leicester City មួយ​ប៉ុណ្ណោះ ដែល​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​ពេញ​ថ្លៃ Philippe Coutinho ពី​ក្លឹប Barcelona។

បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល កំពុង​រួម​ជើង​នៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដែល​ត្រូវ​ផុត​កុងត្រា​នា​ពេល​ខាង​មុខ​នេះ ហើយ​ដំណឹង​ចុង​ក្រោយ​ក៏​ល្ហិចល្ហៀង​ថា​មាន​ក្លឹប Chelsea ចង់​ខ្ចី​ជើង ព្រម​ចេញ​ថ្លៃ​ពលកម្ម​ពេញ​ឲ្យ Coutinho ផង​ដែរ ប៉ុន្តែ​រឿង​ទិញ​យក​ផ្តាច់​ទើប​តែ​លេច​ឈ្មោះ​ក្លឹប​កញ្រ្ជោង​ខៀវ​នេះ​មួយ​គត់។

ប្រភព​បាន​សង្កត់​ធ្ងន់​នោះ​ក៏​ដោយសារ​មាន​ការ​សម្រេច​ចិត្ត​ដោយ​លោក Brenden Rodgers ដែល​លោក​ជា​អតីត​អ្នកចាត់ការ​នៅ​ហង្ស​ក្រហម និង​ជា​អ្នក​ដែល​បើក​ផ្លូវ​នាំ​យក Coutinho មក​ចូលរួម​នៅ Anfield នា​ពេល​នោះ។

លោក Balague បាន​និយាយ​ចំៗ​ថា៖ “មាន​តែ​ក្លឹប Leicester មួយ​ទេ ដែល​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន Coutinho ហើយ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​សាច់ញាតិ​របស់​គេ​កំពុង​សម្លឹង​ចង់​នាំ​រូប​គេ​មក​ Premier League តាម​ដែល​អាច​ទៅ​រួច​ដូចគ្នា”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT