Olivier Giroud ខ្សែប្រយុទ្ធជម្រើសជាតិបារាំង បានបញ្ជាក់ថាក្រុមទាំងមូលកំពុងផ្ដោតទៅវគ្គផ្ដាច់ព្រ័ត្រខ្លាំងមែនទែន ព្រោះមិនចង់ឱ្យមានប្រវត្តិដដែលៗដូចនៅ Euro 2016 ។
Giroud នៅតែជាតួអង្គសំខាន់សម្រាប់បារាំង ក្នុងការប្រកួតទល់ក្រុមក្រូអាតនៅថ្ងៃអាទិត្យនេះ វគ្គផ្ដាច់ព្រ័ត្រ World Cup 2018 ។ បើទោះជារូបគេ មិនអាចរកគ្រាប់បាល់បានតាំងពីវគ្គដំបូងនៃការប្រកួតក៏ដោយចុះ។ បារាំង ជាក្រុមមួយដែលមនុស្សជាច្រើនគិតថានឹងលើកពាន World Cup ឆ្នាំនេះជាក់ជាមិនខាន ព្រោះពួកគេបានទម្លាក់ក្រុមខ្លាំងៗជាច្រើនដូចជា អាហ្សង់ទីន អ៊ុយរុយហ្គាយ និងបែលហ្សិកជាដើម។ ស្របពេលជាមួយគ្នានេះដែរ Giroud ឯណោះ ក៏និយាយថានេះជាឱកាសល្អបំផុតសម្រាប់បារាំង ក្នុងការស្ដាមុខមាត់ឡើងវិញ លើកពាន World Cup ឆ្នាំនេះ។
“ពេលនេះ យើងកំពុងផ្ដោតអារម្មណ៍ខ្លាំង ព្រោះយើងមិនចង់បាត់បង់ឱកាសដូចឆ្នាំ២០១៦នោះទេ។ យើងបានមកដល់ចំណុចនេះ មិនមែនជារឿងងាយស្រួលឡើយ ហើយយើងក៏មិនចង់បាត់បង់ឱកាសលើកពានម្ដងនេះដែរ។ ត្បិតខ្ញុំមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែខ្ញុំបានផ្ដល់ឱុ្យក្រុមទាំងមូល នូវសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំក៏សង្ឃឹមថា នឹងមានគ្រាប់បាល់សម្រាប់ខ្ញុំនៅវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ”។ សម្ដីរបស់ខ្សែប្រយុទ្ធលេងនៅក្លឹប Chelsea ។
នៅឆ្នាំ២០១៦ ក្រុមជម្រើសជាតិបារាំង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro ម្ដងមកហើយ ប៉ុន្តែគួរឱ្យសោកស្ដាយនៅគ្រានោះ ពួកគេបរាជ័យក្រោមថ្វីជើងរបស់ក្រុមព័រទុយហ្គាល់ ក្នុងលទ្ធផល ១-០ ៕ប្រភព៖ Goal