Dortmund ​កាន់​តែ​កៀក​ទិញ​បាន​កីឡាករ Valencia ​ម្នាក់​

​ក្រុម​ Borussia Dortmund ​កាន់​តែ​កៀក​ជាមួយ​ការ​នាំ​យក​កីឡាករ​ Ferran Torres ​ពី​ក្រុម Valencia ​មក​រួម​ក្រុម​ហើយ ​ក្រោយ​ពី​តាម​ទាក់ទង​ជា​ច្រើន​ដង​មក​ហើយ​។​ក្រុម​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ មើល​ឃើញ​សមត្ថភាព​របស់ Torres ​ក្នុង​ការ​ជំនួស​តំណែង​របស់ Sancho ​បាន ​ប្រសិន​បើ​កីឡាករ​អង់គ្លេស​នេះ​ត្រូវ​ក្លឹប​ធំ​ៗ​ទិញ​យក​ទៅ​បាត់​នៅ​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​​ខាង​មុខ​។ Torres ​នេះ ​ទើប​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​រដូវ​កាល​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ​ទើប​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ។ ​

​ក្រុម Dortmund ​ដែល​គេ​សង្ឃឹម​ថា​នឹង​បាន Torres ​នេះ ​នឹង​ត្រូវ​មាន​ក្លឹប​ដទៃ​ចូល​ខ្លួន​ប្រជែង​ផង​ដែរ។ ​ក្នុង​នោះ​មាន​ទាំង Liverpool , Manchester City, Manchester United, Juventus ​និង​ Ajax ​ជា​ដើម។ ក្រុម​ទាំង​អស់​នេះ ​ក៏​ចង់​បាន​កីឡាករ​ខាង​លើ​ដែរ តែ​ហាក់​ដូចជា​ស្ថិត​នៅ​ក្រោម​ក្រុម Dortmund ​​បន្តិច ​ព្រោះ​ក្លឹប​នៅ​អាល្លឺម៉ង់​បាន​ទាក់ទង​រូបគេ​ជា​យូរ​មក​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT