មិន​ខុស​ពី​មតិ​ភាគច្រើន សូម្បី Rashford ក៏​ចង់​ឲ្យ United យក​ម្នាក់​នេះ​ចូល​ក្រុម​ដែរ

Marcus Rashford ​បាន​បង្ហាញ​ការ​ជំរុញ​ចំៗ​ដល់​ក្លឹប Manchester United ឲ្យ​នាំ​យក​មិត្ត​រួម​ជម្រើស​ជាតិ​របស់​ខ្លួន​គឺ​កីឡាករ Jadon Sancho មក​កាន់​ទឹកដី Old Trafford នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កៀក​ចូល​មក​ដល់​ខាង​មុខ​នេះ។

Rashford បាន​សរសើរ​មិន​ដាច់​ពី​មាត់​លើ​ទម្រង់​លេង​របស់ Sancho ដូច​ទៅ​នឹង​ការ​យល់​ឃើញ​របស់​មតិ​ជា​ច្រើន​ទៀត​ដែរ ពោល​គឺ​ពេញ​ចិត្ត​ភាព​ច្នៃប្រឌិត ការ​ខិតខំ​លើ​ទីលាន​របស់​បុរស​វ័យ ២០ ឆ្នាំ​រូប​នេះ​ជា​ខ្លាំង។

ខ្សែ​ប្រយុទ្ធ​នៅ United បាន​និយាយ៖ “Sancho គេ​ជា​កីឡាករ​ល្អ ជា​កីឡាករ​ជំនាន់​ក្រោយ​មួយ ដែល​ដាក់​ចិត្ត​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ល្អ ហើយ​សង្ឃឹម​មុតមាំ​ថា​យើង​អាច​លេង​រួម​គ្នា​បាន នោះ​វា​ពិត​ជា​រឿង​ល្អ​បំផុត”។ នេះ​ជា​សារ​ដែល​ Rashford បាន​ប្រាប់ Bleacher Report អំឡុង​ពេល​វីដេអូ​ផ្សាយ​ផ្ទាល់​លើ Instagram។

លោក​បន្ថែម​ថា៖ “Sancho គេ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ការ​ស្រមើស្រមៃ​ខ្ពស់ រឿង​ទាំង​នេះ​ហើយ​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​យុគសម័យ​បាល់ទាត់​ក្រោយ​នេះ”។

រំឭក​ថា​កីឡាករ​របស់ Dortmund ​រក​បាន ១៧ គ្រាប់​និង Assist ១៩ លើក​ នៅ ៣៥ ប្រកួត​សរុប​នា​រដូវ​កាល ២០១៩/២០ ខណៈ​កុងត្រា​សេសសល់​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT