ក្លឹប Real Madrid កំពុងស្វែងរកកីឡាករថ្មី ដើម្បីជំនួសតំណែងរបស់ Cristiano Ronaldo ដែលចាកចេញទីលេងនៅ Juventus ។
នៅថ្ងៃនេះ មានដំណឹងមកថាក្លឹបយក្សនៅអេស្ប៉ាញខាងលើកំពុងត្រៀមលុយ១៥០លានផោន ដើម្បីទិញយក Eden Hazard ពីក្រុម Chelsea ។ តម្លៃប៉ុណ្ណឹង ត្រូវបាន Real Madrid គិតថា Chelsea នឹងព្រមលក់ជាមិនខាន ព្រោះកុងត្រារបស់ខ្សែបម្រើប្រយុទ្ធបែលហ្សិករូបនេះ នៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ។ ដោយឡែកសម្រាប់សាមីខ្លួនផ្ទាល់ ក៏តែងតែបង្ហើបពីចំណាប់អារម្មណ៍ចង់ទៅលេងនៅ Real Madrid ផងដែរ។ Hazard ធ្លាប់បាននិយាយថា ការទៅលេងនៅ Real Madrid គឺជាក្ដីស្រមៃរបស់កីឡាករគ្រប់រូប។
ខ្សែបម្រើដែលមានប្រាក់ឈ្នួល៣សែនផោនក្នុង១សប្ដាហ៍កំពុងលេងបានយ៉ាងល្អនៅ World Cup ជាមួយក្រុមបែលហ្សិក បើទោះជារូបគេមិនបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រក៏ដោយ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ក៏មានសមត្ថភាពនិងទម្រង់លេងមិនធម្មតាដែរនៅក្លឹប Chelsea ។ ដូច្នេះហើយបានជា Real Madrid សម្លឹងឃើញនិងចង់បានមកលេងនៅរដូវកាលក្រោយ៕ប្រភព៖ DailyMail