ម្ចាស់កីឡដ្ឋាន SRU គ្រោងបន្ថែមហេដ្ឋារចនាសម្ព័ន្ធ៣​ផ្សេង​ទៀតក្រោយ Covid-19 ធូស្រាល

ការសាងសង់កន្លែងអង្គុយលេង សម្រាកកម្សាន្ដ និងទីតាំងលក់ដូរ គឺជាគម្រោងបន្ថែមដែលលោក លី សេងហួរ ស្ថាបនិកកីឡដ្ឋានសៀមរាបយូណាយធីត បង្ហើបថា អាចនឹងរៀបចំឡើងនៅពីមុខទីលាន ពីលើហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗដែលមានស្រាប់។

មិនត្រឹមតែមានបេសកកម្មចូលរួមលើកស្ទួយបាល់ទាត់ជាតិកាន់តែផុសផុលប៉ុណ្ណោះទេ អ្នកជំនួញមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើសង្កត់ធ្ងន់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យ SRU Stadium រំលេចខ្លួនឡើងប្រកបដោយសោភ័ណ្ឌភាព និងផាសុកភាពផងដែរ។

លោក លី សេងហួរ រៀបរាប់ “៖បរិវេណជាប់ទីលានសិប្បនិម្មិតខាងមុខ យើងត្រៀមចាក់ប៉េតុងឲ្យមានកន្លែងអង្គុយលេង កន្លែងកម្សាន្ដ និងកន្លែងលក់ម្ហូបអាហារសម្រាប់អ្នកទស្សនា ពេលដែលគាត់មកមុនប្រកួតអ៊ីចឹងទៅ គាត់អាចអង្គុយលេង អង្គុយកម្សាន្ដនៅទីនោះ ហើយយើងអាចមានដាំដើមឈើបន្ថែមដើម្បីឲ្យបានសម្រាកកម្សាន្ដនៅទីនោះដែរ”។

ពាក់ព័ន្ធទៅនឹងការសាងសង់កីឡដ្ឋានទាំងមូលតែម្ដង គិតមកទល់ពេលនេះសម្រេចបាន១០០ភាគរយនៅកន្លែងអង្គុយផ្នែកខាងលិច និងខាងជើង តែសម្រាប់ផ្នែកខាងត្បូងមិនទាន់ចប់ជាស្ថាពរទេ ដោយផ្អាកជាបណ្ដោះអាសន្នចំពេលផ្ទុះ COVID 19។

កីឡដ្ឋាន SRU ក៏ទើបតែបន្ថែមកៅអីកីឡាករបម្រុង និងមន្ត្រីគ្រូបង្វឹកដើម្បីបង្គ្រប់២២នាក់តាមស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។ លោក លី សេងហួរ សង្ឃឹមថា អ្នកគាំទ្របាល់ទាត់នឹងចូលរួមកាន់តែច្រើនថែមទៀត ក្រោយជំងឺ COVID 19 ផុតរលត់ទៅ៕

 

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT