អតីតខ្សែប្រយុទ្ធនៅក្លឹប Real Madrid លោក Antonio Cassano បានចុចឈ្មោះអតីតមិត្តរួមក្រុមរបស់ខ្លួនកាលពីធ្លាប់ប្រលូករួមគ្នានៅទឹកដី Estadio Santiago Bernabeu គឺ Ronaldo Nazario ថាជាស្ដេចបាល់ទាត់ក្នុងសកលលោក។
លោក Antonio បានសរសើរដល់គ្រាមួយដែល Ronaldo Nazario ធ្លាប់ជួយ Madrid យ៉ាងលេចធ្លោបំផុត តែសម្តីមួយឃ្លាចុងក្រោយបែរជាសរសើរដល់ Lionel Messi ថានៅរយៈពេលបន្ទាប់គឺ M10 ស្ថិតនៅកម្រិតខ្ពស់ជាង Ronaldo ប្រេស៊ីលទៅទៀត។
លោកនិយាយប្រាប់ Cds ថា៖ “កាលគ្រាមួយនោះយើងចាញ់ ១-០ ក្នុងដី ហើយពេលនៅបន្ទប់ផ្លាស់សម្លៀកបំពាក់អ្នកចាត់ការបម្រុងនឹងចង់ដាក់ Ruud Van Nistelrooy ឲ្យចូលលេងជំនួស តែ Ronaldo [Nazario] គេនិយាយកាត់ភ្លែតថាអត់ទេ បើ ១៥ នាទី ខ្ញុំរកមិនបាន ២ គ្រាប់លោកអាចប្តូរខ្ញុំបាន លុះ១៥ នាទីក្រោយមកលទ្ធផល ២-១ ជាគ្រាប់បាល់កើតចេញពី Ronaldo ទាំងពីរ”។
លោកបន្ថែមថា៖ “បើកាលនោះឲ្យនិយាយពីស្តេចបាល់ទាត់ នោះគឺ Ronaldo តែក្រោយមកទើបខ្ញុំរកឃើញថា Lionel Messi គឺនៅកម្រិតខ្ពស់ជាងគាត់”៕ ប្រភព៖ AF