Dortmund/Bayern/Leverkusen/Leipzig រៃ​លុយ​គ្នា​បាន ២០ លាន​អឺរ៉ូ​ជួយ​ក្លឹប​តូចៗ​នៅ​អាល្លឺម៉ង់

អាល្លឺម៉ង់​បាន​រំកិល​មក​ឈរ​នៅ​លំដាប់​ទី ៤ នាម​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ច្រើន​ជាង​គេ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ មិនា ឆ្នាំ ២០២០ មាន​ចំនួន ៤៣ ៩៣៨ ករណី ដោយ​ព្យាបាល​ជោគជ័យ ៥ ៦៧៣ ករណី និង​ស្លាប់ ២៦៧ ករណី។

ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នេះ ក៏​ជះ​ឥទ្ធិពល​ដល់​វិស័យ​កីឡា​បាល់ទាត់​ជា​ខ្លាំង​ផង​ដែរ ជា​ពិសេស​គឺ​បណ្តា​ក្លឹប​តូចៗ​ដែល​មាន​ទំហំ​ហិរញ្ញវត្ថុ​ទាប ហើយ​ត្រូវ​មក​ជួប​ប្រទះ​នឹង​ការ​ខកខាន​ប្រកួត​រយៈ​ពេល​យូរ​ថែម​ទៀត។

ជា​កិច្ច​សហការ​ដ៏​មាន​តម្លៃ​មួយ ក្លឹប​កំពូលៗ​ចំនួន ៤ មាន Borussia Dortmund, Bayern Munich, Bayer Leverkusen និង RB Leipzig បាន​ចូលរួម​ជា​ធ្លុង​មួយ​ប្រមូល​ថវិកា​បាន ២០ លាន​អឺរ៉ូ ​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ដល់​បណ្ដា​ក្លឹប​ទាំង​ឡាយ​មិន​ថា​នៅ​លីគ​លំដាប់​មួយ Bundesliga ផ្ទាល់ និង​នៅ​លីគ​ពីរ Bundesliga 2 ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​កូរ៉ូណា។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ បង្ហាញ​ការ​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ធំធេង​របស់​ក្លឹប​ធំៗ​ទាំង​អស់ មិន​ខុស​ពី​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា៖ “មិត្ត​ល្អ​មិន​ចោល​គ្នា​នៅ​គ្រា​ក្រ​នោះ​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT