ដោយសារ COVID-19 អាច​នឹង​ធ្វើ​ឲ្យ ManU អាច​ចង​ជើង Pogba ត​ដល់​រដូវ​កាល​ក្រោយ​ទៀត

កន្លង​ទៅ Paul Pogba ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​របស់​ក្លឹប Real Madrid និង Juventus ដែល​ល្ហិចល្ហៀង​ថា​តាម​ចង់​បាន​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

នៅ Real Madrid មាន Zinedine Zidane ដែល​ចាប់​ចិត្ត​លើ​កីឡាករ​បារាំង​ជា​ពន់ពេក ខណៈ​នៅ Juventus មាន​ភាគរយ​ខ្ពស់ ព្រោះ​ជឿជាក់​ថា​ខ្សែ​បម្រើ​ United រូប​នេះ មាន​ចិត្ត​ចង់​វិល​ត្រលប់​ទៅ​រក​ទ្រនំ​ចាស់។

តម្លៃ​ខ្លួន​របស់​គេ​ពី​ដំបូង​ឡើយ​គឺ​ថ្លៃ​ប្រមាណ ១៨០ លាន​ផោន ហើយ​មក​ទល់​រយៈ​ពេល​ចុង​ក្រោយ​ចុះ​ត្រឹម ១២០ លាន​ផោន​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​ពី​សារព័ត៌មាន ESPN។

យ៉ាងណាមិញ​ការ​ចរចា​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ ហើយ United នឹង​នៅ​តែ​បន្ត​ចង​ជើង Paul ដល់​រដូវ​កាល​ក្រោយ​ត​ទៅ​ទៀត ព្រោះ​ឆ្លើយតប​នឹង​កង្វល់​ផ្នែក​ហិរញ្ញ​វត្ថុ​ដែល​ក្លឹប​នៅ​អឺរ៉ុប​ទាំង​អស់​កំពុង​ប្រឈម ក្នុង​ស្ថានភាព​ការ​រាតត្បាត​នៃ​វីរុស COVID-19។

ណា​មួយ​ក៏​មិន​ច្បាស់​ថា​កាលបរិច្ឆេទ​បើក​ទីផ្សារ​ដោះដូរ​ត្រូវ​លើក​ពេល​ឬ​លុប​ចោល​បែប​ណា​ទៀត ទាំង​ដែល​តួ​លេខ​អ្នក​ឆ្លង​ COVID-19 នៅ​អឺរ៉ុប បាន​បន្ត​កើន​ឡើង​ឥត​ស្រាកស្រាន្ត៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី