ក្រូអាត ជាប្រទេសតួចមួយ មានប្រជាជនប្រមាណ៤លាន២សែននាក់ប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០១៧ និងមានផ្ទៃដីត្រឹមតែ ៥៦ ៥៩៤គីឡូម៉ែត្រការ៉េ។
ត្បិតតែទឹកដីតួចយ៉ាងនេះមែន ប៉ុន្តែក្រូអាតក្នុងវិស័យបាល់ទាត់មានការរីកចម្រើនយ៉ាងខ្លាំង។ កីឡាករភាគច្រើនលេងក្នុងក្លឹបធំៗ ដូចជា Luka Modric លេងនៅ Real Madrid និង Rakitic លេងនៅ FC Barcelona ជាដើម។ ខណៈដែលពួកគេបច្ចុប្បន្ននេះ កំពុងតែបង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅព្រឹត្តិការណ៍ World Cup 2018 នេះ ពោលគឺឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះលើក្រុមអង់គ្លេស ២-១ កាលពីយប់មិញ។
លោក Zlatko Dalic គ្រូបង្វឹកក្រូអាតបាននិយាយថា៖ “ព្រឹត្តិការណ៍នេះ ក្រុមដែលមានសមត្ថភាពគឺឈ្នះការប្រកួត។ ៣ប្រកួតចុងក្រោយរបស់យើង គឺគេនាំមុខមុន១គ្រាប់រហូត ប៉ុន្តែយើងនៅតែធ្វើបាន។ សម្រាប់ប្រជាជនក្រូអាត នេះជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រមួយហើយ។ ខ្ញុំមិនដែលគិតសោះថា ប្រទេសតួចមួយនេះ អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្របាន”។
នេះជាប្រវត្តិថ្មីមួយក្នុងព្រឹត្តិការណ៍ World Cup ។ ដោយក្រូអាតមានប្រជាជនជាង៤លាននាក់ ក្លាយជាប្រទេសតួចជាងគេបំផុត បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ គិតចាប់តាំងពីឆ្នាំ១៩៣០មក៕ប្រភព៖ Theguardian