Fabregas ថា​ដោយសារ COVID-19 ​ធ្វើ​ឲ្យ​ខ្លួន​មាន​ពេល​ជួបជុំ​ជាមួយ​កូន​ច្រើន​ជាង​មុន

ចែករំលែក​បទពិសោធន៍​ពី​កីឡាករ Cesc Fabregas ក្នុង​អំឡុង​ពេល​ដាក់​ខ្លួន​និង​ក្រុម​គ្រួសារ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក នៅ​ស្ថានភាព​ផ្ទុះ COVID-19 លោក​បាន​បញ្ជាក់​ថា​វា​ក៏​បង្កើត​នូវ​ក្តី​សុខ​មួយ ពោល​អាច​ជួយ​ឲ្យ​លោក​មាន​ពេលវេលា​នៅ​ជាមួយ​ក្រុម​គ្រួសារ​ច្រើន​ជាង​មុន។

បច្ចុប្បន្ន​ក្នុង​ស្ថិត​ក្នុង​ប្រទេស Monaco លោក​បាន​ប្រាប់ Marca ថា៖ “យើង​ដូច​តែ​អ្នក​រាល់​គ្នា​អ៊ីចឹង យើង​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ដើម្បី​បញ្ចៀស​ការ​រាតត្បាត​វីរុស ហើយ​ទន្ទឹម​ដែល​មិន​ដឹង​ច្បាស់​ពី​ពេលវេលា​ត្រលប់​ទៅ​ហ្វឹកហាត់​វិញ អ៊ីចឹង​ខ្ញុំ​មាន​តែ​ព្យាយាម​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ”។

អតីត​កីឡាករ​ក្លឹប Barcelona បន្ថែម៖ “យ៉ាងណាមិញ​វា [COVID-19] វា​ក៏​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សកម្មភាព​មួយ​ចំនួន ដែល​ខ្ញុំ​កម្រ​នឹង​បាន​ធ្វើ​ក្នុង​អាជីព ដូច​ជា​រៀងរាល់​ព្រឹក​ខ្ញុំ​ងើប​មក​ញាំ​អាហារ​ពេល​ព្រឹក​ជាមួយ​កូនៗ ​អាហារ​ពេល​ល្ងាច​ជាមួយ​ពួក​គេ និង​ឲ្យ​ពួក​គេ​ចូល​គេង ដែល​ទាំង​នេះ​សុទ្ធ​សឹង​ជា​សកម្មភាព​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​កន្លង​មក​ក្នុង​រយៈ​ពេល​យូរ​បែប​នេះ​ជាមួយ​ពួក​គេ​នោះ​ឡើយ”។

“អ្នក​ត្រូវ​មើល​ឃើញ​ផល​ល្អ​អំពី​វា ហើយ​ច្បាស់​ណាស់​មនុស្ស​ឯ​ទៀត​ក៏​ដូច​ខ្ញុំ​អ៊ីចឹង​ដែរ បែប​នេះ​យើង​ត្រូវ​ចេះ​ទាញ​ផល​ប្រយោជន៍​ចេញ​ពី​ស្ថានភាព​មួយ​នេះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT