Luka Modric ប្រធានក្រុមជម្រើសជាតិក្រូអាត បាននិយាយថាមុនការប្រកួតក្រុមអ្នកកាសែត និងស្ថាប័នព័ត៌មានធំៗរបស់អង់គ្លេស មិនមានការគោរពលើក្រុមរបស់គេឡើយ។ ដូច្នេះហើយ បានជាក្រូអាតយកការមិនគោរពនេះ ជាការតាំងចិត្តយកឈ្នះអង់គ្លេសវិញ។
នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ក្រុមជម្រើសជាតិក្រូអាតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ FIFA World Cup។ ស្របពេលដែលក្រុមមួយនេះ ឆ្លងកាត់ការលំបាកជាច្រើនមុនបានដល់វគ្គនេះ ពោលគឺពួកគេត្រូវលេង១២០នាទី ៣ប្រកួតជាប់គ្នាមកហើយ។
ជ័យជម្នះនិងប្រវត្តិសាស្ត្រដ៏ធំធេងនេះ Luka Modric កីឡាករសំខាន់ក្នុងក្រុមបាននិយាយដែរថា៖ “កាសែតនៅអង់គ្លេស បានសរសេរពាក្យជាច្រើនចំពោះក្រូអាត ហើយយើងបានមើលឃើញទាំងអស់ ពួកគេមិនបានគោរពគូប្រកួតឡើយ។ យើងបានយកពាក្យទាំងនោះដាក់ក្នុងចិត្ត ហើយប្រើប្រាស់វាជាកម្លាំងជំរុញទឹកចិត្ត ឱ្យកីឡាករទាំង អស់ប្រឹងប្រែងលេង ដើម្បីឱ្យពួកគេឃើញ។ ទីបញ្ចប់យើងអាចធ្វើបានសម្រេច ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ”៕ប្រភព៖ Skysports