ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាញ់ក្រុមក្រូអាតក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ FIFA World Cup 2018 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បរាជ័យនេះដែរ បានធ្វើឱ្យអង់គ្លេស អស់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្របង្កើតប្រវត្តិសាស្ត្រហើយ។ ខណៈដែលក្រូអាតវិញ ជាឱកាសដំបូងដែលពួកគេបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ World Cup ។ និយាយការប្រកួតវិញ អង់គ្លេសបានប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះដើម្បីបំបែកពងមាន់របស់ក្រូអាតនៅតង់ទី១ ប៉ុន្តែពួកគេមិនអាចទប់ទល់ជាមួយការវាយសម្រុកត្រលប់ទៅវិញរបស់ក្រូអាតបាន ទើបបណ្ដាលឱ្យលទ្ធផលស្មើគ្នា ១-១ វិញនៅនាទី៦៨។ ការប្រកួតត្រូវឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ជាចុងក្រោយ ក្រូអាតអាចរកបាន១គ្រាប់បន្ថែមទៀត ដើម្បីទម្លាក់អង់គ្លេសត្រឹមវគ្គនេះ។
ការធ្លាក់ទៅនេះដែរ Harry Kane ដែលជាប្រធានក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា៖ “នេះជាការឈឺបំផុត យើងបានខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំដល់វគ្កនេះ។ យើងបាននាំមុខគេ ១គ្រាប់មុន ប៉ុន្តែបែរជាបរាជ័យទៅវិញ។ ក្ដីរំពឹងយើងបញ្ចប់ត្រឹមវគ្គនេះ វារឿងដែលធ្វើឱ្យយើងឈឺចាប់បំផុត”។
អង់គ្លេសធ្លាក់នេះ នឹងត្រូវប្រកួតប្រជែងជាមួយក្រុមបែលហ្សិក ដើម្បីយកលេខ៣ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៤ខាងមុខនេះ៕ប្រភព៖ DailyMail