យុទ្ធនាការពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ២០១៨ វគ្គ១៦ក្រុមថ្នាក់ជាតិនឹងចាប់ផ្តើមនាថ្ងៃនេះ ដោយមានគូជក់ចិត្ត៧គូ។ ក្នុងនោះជំនួប Seimreap Derby រវាង អង្គរថៃហ្គឺ និង សូលទីឡូអង្គរ ក្លាយជាគូជក់ចិត្តសម្រាប់អ្នកគាំទ្រ ពិសេសមហាជនខេត្តសៀមរាប។
នេះជាការប៉ះគ្នាជើងទី១ ដែលសូលទីឡូអង្គរជាម្ចាស់ផ្ទះ។ សប្តាហ៍ក្រោយ ពួកគេនឹងជម្រះបញ្ជីគ្នាម្តងទៀត នៅទីលានស្វាយធំដដែល ប៉ុន្តែអង្គរថៃហ្គឺជាម្ចាស់ផ្ទះវិញម្តង។
ក្រុមទាំង២ប៉ះគ្នាលើកដំបូងក្នុងលីគកំពូលកម្ពុជាជើងទី១ ដោយបញ្ចប់ការប្រកួតដោយពុំមានអ្នកឈ្នះចាញ់ គឺស្មើគ្នា០ទល់និង០។
សូលទីឡូអង្គរ បានលេងពានថ្នាក់ជាតិនេះជាលើកដំបូង ប៉ុន្តែពួកគេមិនខ្វះបទពិសោធន៍ឡើយ ដោយសារសមាជិកភាគច្រើនជាអតីតកីឡាករវេស្ទើន ពោពេញដោយសមត្ថភាព។ ចំពោះ អង្គរថៃហ្គឺវិញ ក៏មានអតីតជម្រើសខេត្តសៀមរាបជាច្រើន បូករួមជាមួយកីឡាករល្អៗដូចជា តាំង សុភក្តិ និង ហម បញ្ញា ជាដើម។
ការប្រកួតជក់ចិត្តនេះ នឹងចាប់ផ្តើមនាម៉ោង៣:០០នាទីនេះ នៅកីឡដ្ឋានស្វាយធំខេត្តសៀមរាប។ តើក្រុមណានឹងឈ្នះការប្រកួតនេះ?