Paul Pogba សូមយកជ័យជម្នះលើក្រុមបែលហ្សិក ១-០ កាលពីយប់មិញនេះ ផ្ញើឱ្យក្មេងទាំង១២និងគ្រូបង្វឹកម្នាក់ ដែលទើបតែយកចេញពីរូងភ្នំ Tham Luang ប្រទេសថៃ។
រឿងក្មេងៗក្នុងក្រុមបាល់ទាត់ជ្រូកព្រៃ១២និងគ្រូបង្វឹកម្នាក់ ដែលជាប់ក្នុងរូងភ្នំTham Luang ប្រទេសថៃ កំពុងតែល្បីល្បាញយ៉ាងខ្លាំង។ រហូតដល់កីឡាករល្បីៗលើលោកនេះ បានផ្ញើសារលើកទឹកចិត្តពួកគេ ថែមទៀតផង។ យ៉ាងណាមិញ ពួកគេត្រូវបានសង្គ្រោះពីរូងភ្នំដោយសុវត្ថិភាពហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យសិន ដើម្បីតាមដានសុខភាព។
ជាការលើកទឹកចិត្តដល់ក្មេងៗទាំងនោះ Pogba ខ្សែបម្រើរបស់បារាំង បាននិយាយថា៖ “ជ័យជម្នះរបស់បារាំងនៅរាត្រីនេះ គឺផ្ញើទៅក្មេងៗដ៏អស្ចារ្យនៅប្រទេសថៃ។ ពិតជាធ្វើបានល្អណាស់ ប្អូនៗ អ្នកពិតជាខ្លាំងពូកែមែន”។ នេះសបញ្ជាក់ថា កីឡាករលេងនៅ Man Utd ពិតជាសរសើរចំពោះការសហការគ្នាយ៉ាងល្អរបស់ក្មេងៗទាំង១២នាក់និងគ្រូបង្វឹកម្នាក់ អាចរស់នៅក្នុងរូបភ្នំបាន៩ថ្ងៃ ដោយអត់អាហារ។
មិនត្រឹមតែកីឡាករប៉ុណ្ណោះទេ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ក៏បានអញ្ជើញក្រុមបាល់ទាត់ជ្រូកព្រៃខាងលើ មកមើលការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ប្រសិនបើពួកគេអាចជាសះស្បើយទាន់ពេលវេលា៕ប្រភព៖ Channelnewsasia