[ផ្លូវការ] Dybala បកស្រាយ​ព័ត៌មាន​ដែល DailyMail ចុះ​ផ្សាយ​រឿង​ខ្លួន​មាន​ផ្ទុក​វីរុស COVID-19

នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មិនា ឆ្នាំ ២០២០ នេះ មាន​សារព័ត៌មាន​ធំៗ​ជា​ច្រើន​នៅ​ក្រៅ​ស្រុក​មិន​ថា​តែ DailyMail និង TheSun ជា​ដើម បាន​ចុះ​ផ្សាយ​អត្ថបទ​ក្រោម​ចំណង​ជើង​ថា Paulo Dybala បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19។

ការចុះផ្សាយរបស់ TheSun

ការចុះផ្សាយរបស់ DailyMail

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សោកស្តាយ និង​បង្ហាញ​ការ​អាណិត​ដល់​បុរស​សញ្ជាតិ​អាហ្សង់ទីន​ជា​ខ្លាំង ​ប៉ុន្តែ​ឆ្លើយតប​ពី​គណនី​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ សាមី​ខ្លួន Paulo Dybala បាន​ច្រាន​ចោល​ថា​វា​ជា​រឿង​មិន​ពិត និង​ប្រាប់​ពី​ស្ថានភាព​សុខភាព​ខ្លួន​ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយបារម្ភ។

Dybala បាន​បង្ហោះ​ទាំង​លើ Instagram និង Twitter ថា៖ “សួស្ដី​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​ចង់​បញ្ជាក់​ថា​ខ្ញុំ​មាន​សុខភាព​ល្អ​ធម្មតា គ្រាន់​តែ​ស្ថិត​ក្នុង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​អរគុណ​អ្នក​រាល់​គ្នា​សម្រាប់​ពាក្យ​ជូនពរ #NoFakeNews #Coronavirus”។

ន័យ​នេះ Dybala ចង់​សង្កត់​ធ្ងន់​ថា​ព័ត៌មាន​ដែល​ប្រភព​អង់គ្លេស​ធ្លាប់​តែ​គួរ​ឲ្យ​ទុក​ចិត្ត​កាល​ពី​ព្រឹកមិញ​បាន​ចុះ​ផ្សាយ​នោះ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ ដោយ​សព្វថ្ងៃ​ខ្លួន​ពិត​ជា​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​មែន ប៉ុន្តែ​កំពុង​តាមដាន​ស្ថានភាព ពោល​ចម្លើយ​វិជ្ជមាន​ឬ​អវិជ្ជមាន​មិន​ទាន់​អាច​លម្អិត​បាន​នោះ​ទេ ដរាប​ណា​ឆ្លង​កាត់​អស់​រយៈ​ពេល ១៤ ​ថ្ងៃ​សិន។

ជា​ចុងក្រោយ​យើង​ក៏​សូម​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​មិញ ដោយ​យើង​គ្រាន់​តែ​ចង់​ចែករំលែក​ព័ត៌មាន​ទៅ​កាន់​អ្នក​គាំទ្រ​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​គេ​តែ​ប៉ុណ្ណោះ ណា​មួយ​ដោយ​មើល​ឃើញ​ពី​ការ​បង្ហោះ​លើ​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ក្រៅ​ស្រុក​ផង។

សម្រាប់ CTS Sports ​នៅ​តែ​បន្ត​ឈរ​លើ​ឆន្ទៈ​ចែកចាយ​ព័ត៌មាន​ឆាប់​រហ័ស និង​មាន​ប្រភព​ច្បាស់លាស់​ទៅ​កាន់​អ្នក​អាន ​ហើយ​ជា​ចុង​ក្រោយ​ក៏​អរគុណ​សម្រាប់​ការ​គាំទ្រ​របស់​បងប្អូន​មក​ទល់​ថ្ងៃ​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT