CNCC​ ​ប្រកាស៖រាល់​ការ​ប្រកួត​ក្នុង​លីគនឹង​មានដាក់ម៉ាស៊ីនវាស់កម្ដៅចាប់ពីសប្ដាហ៍នេះតទៅ

លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឲ្យដឹងថា រាល់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ចាប់ពីសប្ដាហ៍ទី០៥នេះតទៅនឹងមានដាក់ម៉ាស៊ីនវាស់កម្ដៅទាំងក្រុមការងារ កីឡាករ និងអ្នកទស្សនា។

ហេតុផលនៃការដាក់ម៉ាស៊ីនវាស់កម្ដៅនេះធ្វើឡើងដើម្បីពិនិត្យ និងការពារសុវត្ថិភាពអ្នករាល់គ្នាដែលចូលរួមក្នុងការប្រកួតនីមួយៗ ដើម្បីកុំឱ្យមានការព្រួយបារម្មណ៍ ប្រសិនបើមើលឃើញនរណាម្នាក់មានកម្ដៅឡើងខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឱ្យចូលរួម ឬចូលទស្សនាឡើយ។

លោក ឈី កុលបុត្រា រៀបរាប់ ៖”យើងធ្វើឡើងដើម្បីការពារសុវត្ថិភាពក្រុមការងារ កីឡាករ និងអ្នកទស្សនាទាំងអស់។ វីរុសហ្នឹងមិនមានអ្វីប៉ះពាល់ដល់ការប្រកួតរបស់យើងទេ យើងគ្រាន់តែចង់ការពារសុវត្ថិភាពពួកគាត់ប៉ុណ្ណោះ។ ក្នុងករណីដែលយើងមើលឃើញថា មាននរណាម្នាក់ឡើងកម្ដៅខុសប្រក្រតី យើងនឹងផ្តល់ព័ត៌មានទៅកាន់អ្នកជំនាញសុខាភិបាលពិនិត្យបន្តតាមបច្ចេកទេស ព្រោះមិនមែនមានន័យថាអ្នកនោះឆ្លងវីរុសថ្មីនោះទេ”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT