• ប្រធាន​ក្លឹប Getafe ថា​សុខ​ចិត្ត​ចាញ់ ក៏​មិន​ហោះ​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ប្រទេស​មួយ​នេះ​ដែរ

    Getafe ត្រូវ​កំណត់​ឲ្យ​ប៉ះ Inter Milan នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Europa League ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ចេញ​ពី UEFA ថា​កំណត់​ឲ្យ​ប្រកួត​មួយ​នេះ​ត្រូវ​លើក​ពេល​ឬ​បែប​ណា​នៅ​ឡើយ។

    ប៉ុន្តែ​ជា​សារ​ឆ្លើយតប​ទុក​ជា​មុន ពី​ប្រធាន​ក្លឹប Getafe លោក Angel Torres បាន​សង្កត់​ធ្ងន់​ថា​នឹង​មិន​យក​កីឡាករ​ខ្លួន​ឲ្យ​ទៅ​ប្រឈម​ហានិភ័យ​ខ្ពស់​នោះ​ឡើយ ពោល​គឺ​សុខ​ចិត្ត​ចាញ់ ប្រសិន​គ្មាន​ចំណាត់ការ​សមស្រប​ណា​មួយ​ទេ​នោះ។

    លោក​ Torresបាន​និយាយ​មុន​ដល់​ការ​ប្រកួត ​នា​ថ្ងៃ​សុក្រ​នេះ​ថា៖ “Getafe នឹង​មិន​ហោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ទេ ដោយ​យើង​បាន​ស្នើ​ទៅ​ UEFA ឲ្យ​រក​ដំណោះស្រាយ​ផ្សេង​ពី​ការ​លេង​នៅ​ទីក្រុង Milan ហើយ ពោល​គឺ​យើង​សុខ​ចិត្ត​ចាញ់ បើ​ត្រូវ​កំណត់​ឲ្យ​ចាញ់​ក្នុង​ការ​ប្រកួត​នោះ ពោល​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​សុខ​ចិត្ត​ប្រឈម​នឹង​ហានិភ័យ​ឡើយ”។

    លោក​បន្ថែម​ថា៖ “យើង​ក៏​បាន​ស្នើ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ដើម្បី​ជួយ​ឲ្យ​មាន​ការ​លើក​ពេល​ប្រកួត​នេះ​ផង​ដែរ ព្រោះ​យើង​រីករាយ​នឹង​ការ​លេង​នៅ​ទឹកដី Inter ​តែ​ប្រសិន​មាន​បញ្ហា​បែប​ហ្នឹង​មែន យើង​មាន​តែ​ខកខាន​ហើយ”។

    រំឭក​ថា​ថ្មីៗ​នេះ​សមាគម​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់ AFE ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​សុំ​ទៅ​កាន់ UEFA ឲ្យ​ធ្វើ​ការ​លើក​ពេល​នៅ​ប្រកួត UEL សម្រាប់​ជំនួប Getafe និង Inter ក៏​ដូច​ជា Sevilla និង Roma ដែល​សុទ្ធ​សឹង​លេង​នៅ​ប្រទេស​អ៊ីតាលី ជា​តំបន់​ដែល​កំពុង​ផ្ទុះ​វីរុស COVID-19 តែ​មក​ទល់​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ៕

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT