អ្នកចាំទីចំណូលថ្មីរបស់ភ្នំពេញក្រោន អ៊ុំ វិចិត្របានរក្សាកំណត់ត្រាមិនឲ្យគេស៊ុតចូលសូម្បីតែមួយគ្រាប់ក្នុងការចូលលេងបីប្រកួតក្នុងចំណោម៤ប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាល២០២០ ខណៈរូបគេក៏ជាតួរសំខាន់ជួយក្លិបរក្សាបានលទ្ធផលស្មើជាមួយក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀងដោយមិនរបូតគ្រាប់បាល់ផងដែរ។
“ពួកយើងពិតជាសប្បាយរីករាយជាមួយលទ្ធផលនេះ។ បើទោះបីជាយើងមិនឈ្នះក្រុមស្វាយរៀងក៏ពិតមែន ។ វាដូចអ្វីដែលក្រុមការងារបានលើកឡើងអញ្ចឹង នៅពេលដែលយើងលេងក្នុងដីគឺយើងត្រូវតែព្យាយាមយក៣ពិន្ទុ សម្រាប់ថ្ងៃនេះក្រុមរបស់យើងមានឱកាសច្រើនដែរ ប៉ុន្តែយើងមិនមានសំណាង » ។
ជុំវិញនឹងការរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលនោះរូបគេបាននិយាយថា៖ « ការរារាំងមិនឲ្យគេទាត់បញ្ចូលទីគឺជាអ្វីដែលអ្នកចាំទីគ្រប់រូបចង់បាន ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យបានល្អដើម្បីការពារសំណាញ់ទីដើម្បីអ្នកគាំទ្រ និងក្រុមរបស់យើង ។ យើងមានក្តីបារម្ភបន្តិចបន្តួចដែរ សម្រាប់ការប្រកួតក្រោយៗនេះ តែបើមើលលើសមត្ថភាពក្រុមរបស់ពួកយើងគឺពួកយើងក៏មិនធម្មតាដែរ ដូច្នេះយើងត្រូវតែហ៊ានប្រកួតជាមួយពួកគេ » ។
សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួត៤លើកកន្លងមកក្រុមភ្នំពេញក្រោនទទួលបាន១០ពិន្ទុ ដោយឈ្នះ៣ប្រកួតនិងស្មើរ១ប្រកួតកាលពីម្សិលមិញនេះ ៕
ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន