គ្រូភ្នំពេញក្រោន និងក្រសួងការពារជាតិ លើកឡើងផ្សេងគ្នា ជុំវិញលទ្ធផលកាលពីថ្ងៃអាទិត្យ

ប្រកួតសប្តាហ៍ទី ១៣ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពូជា រដូវកាល ២០១៨ បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្នុងនោះជំនួបរវាងក្រុមកំពូលពីរ គឺ ក្រសួងការពារជាតិ សងសឹក ភ្នំពេញក្រោនបានសម្រេច ក្រោយធ្វើបានល្អក្នុងវគ្គទីពីរនៃការប្រកួត ។

របាយការណ៍សង្ខេបនៃការប្រកួត៖
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ភ្នំពេញក្រោន Valci បានរកគ្រាប់បាល់ទីពីររបស់ខ្លួនក្នុងការបង្ហាញខ្លួនលើកទីពីរឲ្យភ្នំពេញក្រោន ដែលនាំមុខ ក្រសួងការពារជាតិ ១-០ នៅពេលចប់វគ្គទីមួយ។ គ្រប់យ៉ាងផ្លាស់ប្តូរ នៅពេលដែលទ័ពដែលជាក្រុមភ្ញៀវ ប្រើពេល ៤៥នាទីនៃវគ្គទីពីរ ស៊ុតបាន ៥គ្រាប់ វាយបកយកឈ្នះវិញ ។

ក្រោយចប់ការប្រកួត គ្រូបង្វឹកភ្នំពេញក្រោនបានថ្លែងថា៖ លោកមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលឃើញគូប្រកួតបានព្យាយាមបង្កជម្លោះ និងគ្រោះថ្នាក់ជាច្រើនមកលើកូនក្រុមលោក។ និយាយអំពីលទ្ធផលវិញ លោកសង្កត់ធ្ងន់ថា កីឡាករភ្នំពេញក្រោន បាត់បង់ស្មារតី ក្រោយគេវាយបកបានមួយគ្រាប់វិញ។ ប្រភពពីបទសម្ភាសន៍លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។

ងាកទៅនិយាយអំពីក្រសួងការពារជាតិវិញ ឆ្លើយឆ្លងជាមួយក្រុមការងារ CTS Sport លោក ភា សុភ័ត្ត្រា បានសម្តែងចំណាប់អារម្មណ៍ថា៖ « នៅវគ្គទីមួយយើងធ្វើមិនបានល្អ ដោយសារកត្តាទីលាន ដែលដក់ទឹក ដូចនេះការបញ្ជូនបាល់ឡើងទៅខាងលើត្រូវបានរារាំង ប៉ុន្តែគ្រប់យ៉ាងបានប្រសើរឡើងវិញនៅវគ្គទីពីរដែលយើងត្រូវលេងនៅផ្នែកម្ខាងទៀតនៃទីលាន » ។

លោកសង្កត់ធ្ងន់ថា នៅពេលដែលទីលានងាយស្រួលក្នុងការលេងហើយ លោកបានបញ្ញាក់ស្មារតីឲ្យកីឡាករព្យាយាមបញ្ជូនបាល់លឿនៗទៅកាន់តំបន់គ្រោះថ្នាក់របស់ភ្នំពេញក្រោន ហើយទីបំផុតវាក៏មានប្រសិទ្ធិភាពពិតមែន ដែលក្រសួងការពារជាតិ បានយកឈ្នះ ៥ ទល់នឹង ១ ។

គួរបញ្ជាក់ថា លទ្ធផលកាលពីជើងទីមួយ ភ្នំពេញក្រោនបាន យកឈ្នះ ក្រសួងការពារជាតិ ២-0 ។

គិតត្រឹមសប្តាហ៍ទី ១៣ ក្នុងលីគកំពូល ក្រសួងការពារជាតិ កំពុងបន្តកំណត់ត្រាឈ្នះ ៦ប្រកួតជាប់ៗគ្នា មាន ២៧ពិន្ទុ នៅពីលើភ្នំពេញក្រោនដែលមានត្រឹម ២១ពិន្ទុ ៕

ក្រុមទាំងពីរនឹងត្រូវបំពេញកាត្វកិច្ចរៀងខ្លួនក្នុងថ្ងៃស្អែកនៅពានសម្តេចតេជោ ហ៊ុន សែន ដោយ ក្រសួងការពារជាតិ ជួបអាស៊ីអឺរ៉ុប និងភ្នំពេញក្រោន ជួប អគ្គិសនីកម្ពុជា សម្រាប់ជើងទីមួយ នៃវគ្គ ១៦ក្រុមចុងក្រោយ(ថ្នាក់ជាតិ) ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT