TIFFY ARMY FC គ្រោងជួសជុលស្តាតនិងថែមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហើបឲ្យដឹងថា កីឡដ្ឋានខេមរភូមិន្ទ (ស្តាតចាស់)អាចនឹងត្រូវដាក់ក្រោមការជួសជុលទាំងស្រុង និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅឆ្នាំ២០២១ ខាងមុខ។

ហេដ្ឋារចនាខាងលើត្រូវបានថ្នាក់ដឹកនាំរូបនេះបញ្ជាក់ថា មានការឈូសឆាយដាក់ស្មៅថ្មីមានគុណភាព, សង់ថែមកន្លែងហូបចុក ស្នាក់នៅ និងអាគារផ្សេងៗយ៉ាងច្រើនទៀត ហើយសំណើជួសជុលទាំងស្រុងត្រូវបានបញ្ជូនទៅកាន់សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិរួចរាល់ហើយដែរ។

លោក ខូវ ឆាយ រៀបរាប់បែបនេះ “៖ចំពោះផែនការឆ្នាំក្រោយយើងអាចនឹងជួសជុលឡើងវិញទាំងស្រុងនូវស្តាតចាស់ហ្នឹងតែម្ដង ដោយយើងបានធ្វើសំណើទៅកាន់ក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ រួចរាល់ហើយ។ យើងគ្រោងឈូសស្មៅចោល ដាំស្មៅថ្មីដែលមានស្តង់ដារខ្ពស់ជាងមុន សង់កន្លែងហូបចុក ស្នាក់នៅ និងអាគារផ្សេងៗបន្ថែមទៀត”។

គិតមកទល់ពេលនេះក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យមិនទាន់រៀបចំការប្រកួត Metfone Cambodian League 2020 ក្នុងដីខ្លួននៅឡើយទេ។ ប៉ុន្តែលោក ខូវ ឆាយ បញ្ជាក់ថា ក្រុមរបស់លោកអាចធ្វើជាម្ចាស់ផ្ទះវិញបានចាប់ពីខែមេសា ក្រោយការកែលម្អស្មៅខូចខាតឡើងវិញ។

ការបង្ហើបឲ្យដឹងពីគម្រោងធំនេះកើតឡើងក្រោយទទួលបានការពីឧបត្ថម្ភលោក ស៊ុប៉ាឆៃ វីរៈពូជុង ដែលអ្នកជំនួញជនជាតិថៃខាងលើទើបតែទទួលបានការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យធ្វើជាប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ៕

 

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT