City ​នឹង​បើក​ផ្លូវ​ឲ្យ​តារា​ឆ្នើម​មួយ​រូប​ចាកចេញ ប្រសិន​ការ​តវ៉ា​ក្តី​ជាមួយ UEFA មិន​ទទួល​ជោគជ័យ

ក្លឹប Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ព្រម​បើក​ផ្លូវ​ឲ្យ​តារា​ឆ្នើម​ Sergio Aguero ចាកចេញ​ពី​ក្លឹប ប្រសិន​ណា​ការ​តវ៉ា​ក្តី​ជាមួយ​សមាគម​បាល់ទាត់​អឺរ៉ុប​ការ​ដែល​ខ្លួន​មិន​បាន​លេង​នៅ UCL រយៈ​ពេល ២ ឆ្នាំ​ពុំ​ទទួល​បាន​ជោគជ័យ។

City ដែល​ល្មើស​ច្បាប់ FFP របស់ UEFA ​បាន​កំណត់​ឲ្យ​ខកខាន​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប ២ រដូវ​កាល​ហើយ​ពេល​នេះ​មេឃ​ខៀវ​កំពុង​ដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​តវ៉ា​ក្តី​ឲ្យ​លើកលែង​មក​វិញ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។

សម្រាប់​តារា​ឆ្នើម Aguero ដែល​មាន​វ័យ ៣១ ឆ្នាំ​ទៅ​ហើយ​នោះ ចាំ​បាច់​គឺ​ចង់​លេង​នៅ​ពាន​រង្វាន់ Champions League ជា​ខ្លាំង ពោល​គឺ​ចង់​ឈ្នះ​មុន​រូប​គេ​ត្រូវ​ព្យួរ​ស្បែក​ជើង​ពី​អាជីព​បាល់ទាត់ ​ហើយ​បើ​រង់ចាំ​ដល់​ដាច់​ការ​ពិន័យ​រយៈ​ពេល ២ ឆ្នាំ គឺ​កីឡាករ​អាហ្សង់ទីន​ឈាន​ដល់​វ័យ ៣៤ ឆ្នាំ​បាត់​ទៅ​ហើយ។

រំឭក​ថា​មិន​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា Aguero ចង់​ផ្លាស់​ទៅ​ក្លឹប​កំពូល​មួយ​ណា ប៉ុន្តែ​តាម​ការ​បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​លោក​ថា​មាន​បំណង​ចង់​វិល​ត្រលប់​ទៅ​ក្លឹប​កាល​ពី​កុមារភាព​ផង​ដែរ នោះ​គឺ Independiente នៅ​ឆ្នាំ​បញ្ចប់​នៃ​អាជីព​លើ​ទីលាន​បាល់ទាត់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT