Abraham ​មិន​ទម្លាក់​ចុង​ប៊ិច​ចុះ​កុងត្រា​ថ្មី ព្រោះ​រំអុក​ឲ្យ Chelsea ​ព្រម​តាម​ខ្លួន​រឿង​មួយ​នេះ​សិន

តាម​សារព័ត៌មាន Mail របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​កីឡាករ Tammy Abraham របស់​ក្លឹប​តោ​ខៀវ​ Chelsea បាន​បដិសេធ​ជាមួយ​ក្លឹប​លើ​ការ​បន្ត​កុងត្រា​ថ្មី ​ដោយ​រង់ចាំ​ដល់​ក្លឹប​ព្រមព្រៀង​លើ​សំណើ​ដំឡើង​ថ្លៃ​ពលកម្ម​ដ៏​ច្រើន​លើសលប់​មួយ​សម្រាប់​ខ្លួន​សិន។

Abraham បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជម្រើស​ដំបូង​ក្នុង​ដួងចិត្ត​របស់​គ្រូ​វ័យ​ក្មេង Frank Lampard ដែល​ញាំង​ឲ្យ​រូប​គេ​ចង់​ទាមទារ​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​ប្រាក់​ចាស់​ដែល​ទទួល​បាន​ត្រឹម ១២០ ០០០ ផោន/សប្តាហ៍ ជា​កុងត្រា​ចាស់​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​ទៅ។

ចំណាត់ការ​ច្បាស់លាស់​បែប​ណា​ពី​ក្លឹប​ Chelsea ក៏​មិន​ទាន់​បញ្ជាក់​ចេញ​មក​នៅ​ឡើយ ប៉ុន្តែ​ភាគរយ​ច្រើន​គេ​ជឿ​ថា​ម្ចាស់​ដី Stamford Bridge នឹង​រិះរក​គ្រប់​វិធី​ដើម្បី​ចង​ជើង​យុវជន​វ័យ ២២ ឆ្នាំ​ឲ្យ​នៅ​ជាមួយ​ក្លឹប​រយៈ​ពេល​យូរ។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ Aston Villa រូប​នេះ បាន​បង្ហាញ​ខ្លួន ២៥ ប្រកួត និង​រក​បាន ១៣ គ្រាប់​ហើយ​នៅ Premier League៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT